ទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីដើមឆ្នាំនេះថា ខ្លួនបានឈានដល់ការឯកភាពជាមួយប្រទេសកោះ Marshall, Palau និងរដ្ឋ សហព័ន្ធ Micronesia (FSM) លើលក្ខខណ្ឌនៃជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងក្រមខណ្ឌនៃកិច្ចព្រមព្រៀងសមាគមស៊េរី (COFAs)។ គួរជម្រាបបន្តិចថា កិច្ចព្រមព្រៀង COFA គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលបង្កើតឡើង និងគ្រប់គ្រងទំនាក់ទំនងនៃសមាគមសេរីរវាងសហរដ្ឋអាមេរិក និងប្រទេសកោះនៅប៉ាស៊ីហ្វិកទាំងបីខាងលើ។
យោងតាមលោកស្រី Jane Bocklage មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ដែលចូលរួមក្នុងកិច្ចពិភាក្សា COFA បានប្រាប់សវនាការសភាថា សំណើថវិកាឆ្នាំសារពើពន្ធ ២០២៤ របស់រដ្ឋបាលលោក ដៃដិន មានប្រមាណជាង ៧ ពាន់លានដុល្លារក្នុងរយៈពេល ២០ ឆ្នាំសម្រាប់ការបន្តកិច្ចព្រមព្រៀង COFA ថ្មីនេះ។
អ្នកស្រីបាននិយាយថា ក្នុងកញ្ចប់ថវិកានោះ គឺរាប់បញ្ចូលទាំងជំនួយសេដ្ឋកិច្ចផ្ទាល់ចំនួន ៦បាន់៥រយលានដុល្លារ និង ៦៣៤ លានដុល្លារទៀត សម្រាប់ការចំណាយក្នុងការពង្រីកសេវាប្រៃសណីយ៍របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកោះទាំងបីនេះ។
មែនទែនទៅ ប្រទេសកោះប៉ាស៊ីហ្វិកទាំងបីជារឿយៗ តែងតែត្អូញត្អែរថា សហរដ្ឋអាមេរិកបានខកខានផ្តល់ជំនួយស្របតាមកិច្ចព្រមព្រៀងមួយរយៈពេលមកហើយ ទោះបីជាពួកគេនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ ក្រុមអ្នករិះគន់មួយចំនួនបានព្រមានថា ការខកខានក្នុងការឈានដល់លក្ខខណ្ឌថ្មីនៃកិច្ចព្រមព្រៀម COFAs អាចជំរុញឱ្យពួកគេសម្លឹងមើលទៅប្រទេសចិនសម្រាប់ការផ្តល់មូលនិធិ ឬបង្កើនពាណិជ្ជកម្ម និងទេសចរណ៍ជំនួសអាមេរិកក៏ថាបាន។
បើទោះបីជាសិទ្ធិចូលទៅប្រើមូលដ្ឋាន និងយោធារបស់សហរដ្ឋអាមេរិក មិនមែនជាកម្មវត្ថុនៃការចរចារក៏ដោយ ប៉ុន្តែអ្នកជំនាញនិយាយថា ក្នុងនាមប្រទេសអធិបតេយ្យភាព ប្រទេសទាំងកោះចំនួនបីនឹងនៅតែអាចបញ្ចប់កិច្ចព្រមព្រៀងទាំងនោះ ប្រសិនបើពួកគេមិនពេញចិត្តក្នុងការទទួលជំនួយគាំទ្រពីសហរដ្ឋអាមេរិក៕