លោក Kurt Campbell អ្នកសម្របសម្រួលសេតវិមានសម្រាប់កិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលោកស្រីលូរ៉ា រ៉ូសិនប៊ឺហ្គឺ (Laura Rosenberger) មន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានជួបប្រជុំស្តីពីកោះតៃវ៉ាន់ជាមួយតំណាងចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ។ កិច្ចប្រជុំបានកើតឡើងរយៈពេល ២ ថ្ងៃ មានការពិភាក្សាជាច្រើនអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។
ប្រភពព័ត៌មានបានឲ្យដឹងថា សហរដ្ឋអាមេរិកមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុប ដូចជាចក្រភពអង់គ្លេស ដើម្បីឲ្យបានដឹងកាន់តែច្បាស់ថា ពីគោលជំហរដ៏រាំងមាំរបស់ខ្លួនដល់រដ្ឋបាលទីក្រុងប៉េកាំង ដែលតែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមកំហែង ចំពោះកោះ ដែលកាន់លទ្ធិប្រជាធិបតីមួយនេះ។ គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសបានធ្វើឱ្យមានភាពប្រសើរឡើង ហើយជាខ្នងបង្អែកមួយសម្រាប់កោះតៃវ៉ាន់ផងដែរ។
ប្រភពព័ត៌មានពី Nikkei បានឲ្យដឹងទៀតថា កិច្ចប្រជុំកោះតៃវ៉ាន់ បានបពង្រីកអ្វីៗគ្រប់យ៉ាង ពីរបៀបដែលចក្រភពអង់គ្លេសអាចធ្វើការទូតបន្ថែមជាមួយក្រុងតៃប៉ិ ដើម្បីពិភាក្សាអំពីការជំរុញការទប់ទល់នៅក្នុងតំបន់អាស៊ី។ កិច្ចពិភាក្សានេះ ក៏បានជជែកអំពីតួនាទីរបស់ចក្រភពអង់គ្លេស ប្រសិនបើអាមេរិកពិតជាត្រូវចូលលូកដៃនៅក្នុងសង្គ្រាមរវាងចិន និងកោះតៃវ៉ាន់មែននោះ។
គួរកត់សម្គាល់ថា កិច្ចសន្ទនាពីបញ្ហាកោះតៃវ៉ាន់នេះ គឺមានគោលបំណងបញ្ចាក់ពីការពិភាក្សាកម្រិតខ្ពស់បន្ថែមទៀត ដែលសហរដ្ឋអាមេរិកក៏ធ្លាប់បាន និងកំពុងធ្វើជាមួយជប៉ុន និងអូស្ត្រាលីងផដែរ ខណៈដែលទីក្រុងប៉េកាំងវិញ ក៏បានបង្កើនសកម្មភាពយោធានៅក្បែរតំបន់កោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថា អាចបង្កហានិភ័យកម្រិតខ្ពស់ដល់កោះមួយនេះ។
លោក ចន អាកខ្វ័លីណូ (John Aquilino) មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកកាលពីខែមុនបានប្រាប់កាសែតFinancial Times ក្នុងអំឡុងពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីជជែកពីសង្គ្រាមអ៊ុយក្រែនបានគូសបញ្ជាក់ពីហានិភ័យខ្ពស់ចំពោះកោះតៃវ៉ាន់ ដែលចិនអាចបង្កឡើងផងដែរ។
គួររំលឹកថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ចិនបានហោះហើរយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងផ្សេងទៀតកាន់តែច្រើននៅក្បែរកោះតៃវ៉ាន់ ហើយចិនតែងតែប្រាប់អាមេរិក និងសម្ព័ន្ធមិត្ត កុំឲ្យប្រលែងនឹងភ្លើងជុំវិញនឹងរឿងកោះតៃវ៉ាន់នេះ ព្រោះថាចិនបានបញ្ជាក់ម្ដងហើយម្ដងទៀតថា តៃវ៉ាន់ គឺជាដែនខេត្តមួយរបស់ប្រទេសចិន ហើយមិនអាចកាត់ផ្ដាច់ពីចិនបានឡើយ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន