ទូរទស្សន៍ CNN បានរាយការណ៍ថា យោងតាមទិន្នន័យថ្មីដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយការិយាល័យស្ថិតិការងារបានឱ្យដឹងថា កំណើនការងារកាលពីខែកក្កដា អាចសម្រេចបានសមិទ្ធផលខុសពីការរំពឹងទុក ហើយអត្រាគ្មានការងារធ្វើបានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០២១។ នៅក្នុងខែកក្កដា កន្លងទៅ ផលិតភាពសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិក បានបង្កើតការងារយ៉ាងទាបបំផុតពោលគឺត្រឹមតែ១១ម៉ឺន៤ពាន់ការងារប៉ុណ្ណោះ ខណៈដែលអត្រាគ្មានការងារធ្វើបានកើនឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើលរហូតដល់ទៅ៤,៣% ឯណោះ។
ស្ថិតក្នុងស្ថានភាពបែបនេះ បានធ្វើឲ្យដ្យាក្រមនៃទីផ្សារការងារបានបង្ហាញពីការចុះខ្សោយយ៉ាងខ្លាំង និងបង្កើនការភ័យខ្លាចជាថ្មីថា វិបត្តិសេដ្ឋកិច្ចនៅអាម៉េរិក នៅមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះអ្នកសេដ្ឋកិច្ចរំពឹងថា កំណើនសេដ្ឋកិច្ចប្រកបដោយភាពវិជ្ជមាននៅត្រីមាសទី២ អាចជួយឱ្យអាម៉េរិកអាចបង្កើតការងារយ៉ាងហោចណាស់១៧ម៉ឺន៥ពាន់ការងារ ហើយអត្រាគ្មានការងារធ្វើត្រូវបានព្យាករណ៍ថានឹងមានក្នុងកម្រិត៤,១%។
លោក អេនី ថេដេស៊ី (Ernie Tedeschi) អតីតប្រធានក្រុមសេដ្ឋវិទូនៅសេតវិមាន ដែលឥឡូវនេះមានតួនាទីជានាយកផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុនមួយបានប្រាប់ CNN ថា ជាទូទៅស្ថានភាពសេដ្ឋកិច្ចដែលអាចបង្កើតការងារត្រឹមកម្រិត១០ម៉ឺននាក់ ក្នុង១ខែ គឺមិនសូវល្អនោះទេ ដូច្នេះ អ្នកបង្កើតគោលនយោបាយគួរតែធ្វើសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីអន្តរាគមន៍លើបញ្ហានេះ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ លោកស្រី ក្លូ ឌៀ សាម (Claudia Sahm)សេដ្ឋកិច្ចវិទូអាម៉េរិកម្នាក់ បាននិយាយថា ភាពផុយស្រួយនៃវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិកទំនងជាមិនទាន់រសាយបាត់នៅឡើយទេ។ លោកស្រី បានលើកឡើងថា អត្រាគ្មានការងារធ្វើនៅក្នុងខែកក្កដា ជាសូចនាករវិបត្តិសេដ្ឋកិច្ចមួយផ្នែក។
អ្នកវិភាគខ្លះទៀតបានលើកឡើងថា យន្តការសេដ្ឋកិច្ចរបស់អាម៉េរិកអាចនឹងប្រេះស្រាំ ដោយសារកំណើនសេដ្ឋកិច្ចកន្លងមក គឺពឹងផ្អែកលើការចំណាយរបស់ពលរដ្ឋ តែបើអត្រាគ្មានការងារកើនឡើងនោះ ពួកគេនឹងត្រូវបង្ខំឲ្យមានការប្រុងប្រយ័ត្នលើការចំណាយ ឬកាត់បន្ថយការចំណាយទាំងស្រុងតែម្តង។
ពាក់ព័ន្ធនឹងស្ថានភាពនេះដែរ កាលពីពេលថ្មីៗ ធនាគារកណ្តាលអាម៉េរិកបាននិយាយថា ឥឡូវនេះខ្លួនកំពុងដាក់ការប្រុងប្រយ័ត្នចំពោះហានិភ័យ ចំពោះទីផ្សារការងារ ហើយក្រុមការងារធនាគារកណ្តាល កំពុងយកចិត្តទុកដាក់ ហើយនឹងដាក់ចេញចំណាត់ការមួយចំនួន ដើម្បីរក្សាស្ថិរភាពតម្លៃ និងការបង្កើនការងារ។ ទិដ្ឋភាពផ្លាស់ប្តូរនៃសេដ្ឋកិច្ចនេះ កំពុងកំណត់ដំណាក់កាលសម្រាប់ធនាគារកណ្តាលអាម៉េរិក ដើម្បីចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ភ្លាមៗនៅខែកញ្ញា ខាងមុខនេះ៕
ដោយៈ សរ សុជាតិ