លោក Ned Price បាននិយាយថា អាមេរិកមានវិធានការជាច្រើន ដែលអាចដាក់ចេញ ទុកជាការឆ្លើយតប ប្រសិនបើដឹងថាក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុននៅក្នុងប្រទេសចិនកំពុងព្យាយាមរំលោភលើទណ្ឌកម្មដែលអាមេរិកកំពុងរៀបចំ ដាក់លើប្រទេសរុស្សីជុំវិញការនាំចេញទំនិញ ក្រោយពីមានវិបត្តិដ៏តានតឹងនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បានធ្វើការកត់សម្គាល់ដូច្នេះ បន្ទាប់ពីក្រសួងការបរទេសចិនបានថ្លែងជាសាធារណៈថា ចិន និងរុស្ស៊ីបានសម្របសម្រួលជំហររបស់ពួកគេជារួមមួយ លើវិបត្តិនៅអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
សេចក្តីថ្លែងការណ៍ក្រោយជំនួបរវាងភាគីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នឹងសមភាគីរុស្ស៊ីលោក ស៊ែររឺហ្កី ឡាវរ៉ូវ (Sergei Lavrov) បានឲ្យដឹងថា ប្រទេសចិនយល់យ៉ាងច្បាស់ ព្រមទាំងគាំទ្រ ចំពោះគោលជំហររបស់រុស្ស៊ីស្តីពីបញ្ហាសន្តិសុខ ជុំវិញទំនាក់ទំនងរបស់រុស្ស៊ីជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ ក្នុងសំណុំរឿងនៅអ៊ុយក្រែន។នេះជាគោលជំហររបស់ប្រទេសចិនទៅលើរុស្សី ប៉ុន្តែបស្ចិមលោកមិនបានគិតដូចនេះឡើយ។ បណ្តាប្រទេសលោកខាងលិចនិយាយថា រុស្សីមានបំណងឈ្លានពានអ៊ុយក្រែន តាមរយៈការចល័តទ័ពរាប់ម៉ឺននាក់មកកាន់ព្រំដែន។ ប្រទេសលោកខាងលិចធ្លាប់បានព្រមានថា ការឈ្លានពានណាមួយមកលើអ៊ុយក្រែនេពីសំណាក់ភាគីរុស្ស៊ីនឹងនាំមកនូវការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាលើទីក្រុងមូស្គូ ពិសេសអាមេរិកបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ក៏ដូចជាវិធានការត្រួតពិនិត្យការនាំចេញផងដែរ។
គួរជម្រាបថា មន្ត្រីសន្តិសុខជាតិសេតវិមានលោក Peter Harrell បានគូសបញ្ជាក់កាលពីថ្ងៃពុធ សប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការ លើវិធានការត្រួតពិនិត្យការនាំចេញរបស់រុស្សី ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី រួមមានប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដើម្បីត្រៀមទុកជាទណ្ឌកម្មទៅលើក្រុងម៉ូស្កូ ករណីដែលអ៊ុយក្រែនត្រូវបានគេវាយប្រហារមែននោះ៕