លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការលក់រថយន្តនៅកម្ពុជា ជារួម មានការធ្លាក់ចុះប្រមាណ២៥% បើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយក្នុងនោះការលក់រថយន្តជជុះមានការធ្លាក់ចុះរហូតដល់ជិត៣០% ខណៈការលក់រថយន្តថ្មីធ្លាក់ចុះប្រមាណ២០%។ កត្តាដែលធ្វើឱ្យការលក់ថយន្តនៅត្រីមាសទី១ឆ្នាំ២០២៤នេះ មានការធ្លាក់ចុះ គឺដោយសារបញ្ហាធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិសង្គ្រាម និងបញ្ហាសកលនានា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលរួមទាំងកម្ពុជា គួបផ្សំពលរដ្ឋមួយចំនួនបានងាកទៅទិញរថយន្តមួយទឹកក្នុងស្រុកច្រើនជាងការទិញរថយន្តថ្មីដែលនាំចូល និងរថយន្តជជុះនាំចូល។
អ្នកជំនាញរូបនេះជឿជាក់ថា នៅឆ្នាំ២០២៤នេះ ការលក់រថយន្តថ្មីនឹងមានសន្ទុះកើនឡើងខ្ពស់ជាងការលក់រថយន្តជជុះ ពោលគឺនឹងអាចរួមចំណែកទីផ្សារបានប្រមាណ៦០% នៃការលក់រថយន្តទាំងអស់ ដោយសារតែកំណើនរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការកើនឡើងហើយតម្លៃរថយន្តថ្មីនាពេលបច្ចុប្បន្ននេះ ក៏មានតម្លៃមិនសូវខុសគ្នាប៉ុន្មានពីរថយន្តជជុះ។ កត្តានេះបានធ្វើឱ្យលោក សឿន ដារ៉ា វាយតម្លៃថា ទិន្នាការនាំចូលរថយន្តជជុះមកកម្ពុជា នៅឆ្នាំ២០២៤នេះនឹងមានការថយចុះផងដែរ។
សូមជម្រាបថា ការលក់រថយន្តនៅកម្ពុជា ក្នុងឆ្នាំ២០២៣ កន្លងទៅ មានការធ្លាក់ចុះប្រមាណ២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២ ក្នុងនោះការលក់រថយន្តជជុះមានការធ្លាក់ចុះរហូតដល់៣០% ខណៈការលក់រថយន្តថ្មីធ្លាក់ចុះ១០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២៕