អាករលើតម្លៃបន្ថែម

រដ្ឋបន្តលើកលែងអាករលើតម្លៃបន្ថែមលើអាហារចាំបាច់មួយចំនួនរយៈពេល៣ឆ្នាំ ដើម្បីសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ


ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របពេលតម្លៃទំនិញរួមទាំងម្ហូបអាហារមួយចំនួនហាក់មានការឡើងថ្លៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុគ្រោះផ្នែកពន្ធ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញចាំបាច់មួយចំនួន ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៨។ តើអ្នកជំនាញយល់ឃើញយ៉ាងណាចំពោះវិធានការអនុគ្រោះផ្នែកពន្ធនេះ ស្របពេលដែលប្រជាពលរដ្ឋកំពុងមាននិន្នាការគាំទ្រផលិតផលក្នុងស្រុក?
អាករលើតម្លៃបន្ថែម
ដោយ

ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី ង៉ូវហេង នៅខេត្តកំពត បានចាត់ទុកការបន្តលើកលែងអាករលើតម្លៃបន្ថែមលើទំនិញចាំបាច់ផលិតក្នុងស្រុករបស់រដ្ឋ ក្នុងកាលៈទេសៈនេះវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតក្នុងស្រុក ស្របពេលសម្ទុះគាំទ្រផលិតផលក្នុងស្រុករបស់ពលរដ្ឋកំពុងមានការកើនឡើងខ្លាំង ក្រោយពួកគេនាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ។ អ្នកជំនួញរូបនេះ ជឿជាក់ថា តាមរយៈវិធានការនេះវានឹងជួយធ្វើឱ្យទំនិញផលិតក្នុងស្រុកកាន់តែមានការក្រកួតប្រជែងជាមួយទំនិញនាំចូល។

​ជាមួយគ្នានេះ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ការបន្តលើកលែងអាករលើតម្លៃបន្ថែមនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។ តែយ៉ាងណា ប្រធានសមាគមរូបនេះអះអាងថា ទោះបីជាមានការលើកលែងផ្នែកពន្ធក៏ពិតមែន ប៉ុន្តែវិស័យចិញ្ចឹមសត្វកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជាថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូនខ្ពស់ ដែលជំរុញឱ្យតម្លៃសាច់សត្វនៅកម្ពុជា ពិបាកប្រកួតប្រជែងជាមួយប្រទេសជិតខាង បើទោះបីជាការផលិតសាច់សត្វក្នុងស្រុកមានការផ្គត់ផ្គង់លើសពីតម្រូវការប្រើប្រាស់យ៉ាងណាក្តី។

​គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងអាករលើតម្លៃបន្ថែមលើមុខទំនិញចាំបាច់មួយចំនួន ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨។ អាហារជាមូលដ្ឋាន រួមមាន សាច់សត្វចិញ្ចឹម, ស៊ុតសត្វចិញ្ចឹម, ត្រីទឹកសាប ឬទឹកប្រៃ និងសិប្បកម្មជាតិគ្រប់ប្រភេទ, ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់, អំបិល និងទឹកត្រី ឬទឹកស៊ីអ៊ីវ។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមនេះមិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕




អត្ថបទបន្ទាប់


តើតម្លៃបន្លែនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយតម្លៃបន្លែនៅវៀតណាម ហក់ឡើងខ្ពស់?

ការប្រែប្រួលអាកាសធាតុបានបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅចុងឆ្នាំនេះ ដោយបានធ្វើឱ្យផ្ទៃដីដាំដុះបន្លែរបស់ប្រទេសមួយចំនួនរួមទាំងកម្ពុជា ផង ជួបបញ្ហាប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ