វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បានកំណត់គោលដៅជំរុញអត្រាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ឱ្យកើនដល់៧,៥០០ដុល្លារ នៅឆ្នាំ២០៣០ ពោលគឺកើនឡើងរហូតដល់ទៅ ៧៥% ធៀបនឹងទំហំប្រាក់ចំណូលនៅឆ្នាំ២០២៣ ដែលមានទំហំ៤,២៨៤ដុល្លារ។
ការិយាល័យស្ថិតិទូទៅរបស់ក្រសួងផែនការវៀតណាម បានបង្ហាញនូវក្តីរំពឹងថា នៅចុងឆ្នាំ២០២៤នេះ អត្រា GDP សម្រាប់មនុស្សម្នាក់ៗរបស់ពលរដ្ឋវៀតណាមនឹងកើនដល់៤,៥០០ ដុល្លារ ខណៈដែលស្ថាប័នខ្លះដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានប៉ាន់ប្រមាណថា អាចនឹងកើនដល់ទៅ៤,៦២០ដុល្លារឯណោះ។
រដ្ឋាភិបាលវៀតណាម ក៏បានដាក់ទិសដៅជំរុញកំណើនផលិតផលក្នុងស្រុកសរុបឲ្យសម្រេចបានរហូតដល់ទៅ៧% ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០៣០ តទៅ និងប្តេជ្ញាធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសនាំមុខគេទាំងបីនៅអាស៊ីអាគ្នេយ៍ក្នុងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម។
ដើម្បីសម្រេចតាមផែនការនេះស្ថាប័នជំនាញនៅក្នុងប្រទេសនេះ បានដាក់ផែនការ និងការអនុវត្តដោយលើកកម្ពស់ផលិតកម្មឧស្សាហកម្មឲ្យសម្រេចបាននូវអត្រាយ៉ាងហោចណាស់៤០% នៃ GDP។
ក្រៅពីនោះរដ្ឋាភិបាលវៀតណាម ក៏កំពុងសម្លឹងរកការកសាង និងអភិវឌ្ឍន៍ចង្កោមឧស្សាហកម្ម ដើម្បីធ្វើជាម្ចាស់លើខ្សែច្រវាក់ផលិតកម្ម ហើយក៏មានមហិច្ឆិតាប្រកួតប្រជែងនៅក្នុងការទាក់ទាញទេសចរឲ្យរីកចម្រើនក្លាយជាប្រភពទុនចម្បង នៃកំណើនពី១៤ទៅ១៥% និងជំរុញការអភិវឌ្ឍវិស័យសេវាកម្ម ដែលអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចយ៉ាងហោច៥០% នៃអត្រាផលិតផលនៅក្នុងស្រុកសរុប៕
ដោយៈ សរ សុជាតិ