ប្រតិបត្តិការ​រកស៊ី​ទុច្ចរិត

ក្រសួងទេសចរណ៍ នឹងចាត់វិធានការក្ដៅ ចំពោះប្រតិបត្តិករទេសចរណ៍ «រកស៊ីកាប់ភ្ញៀវ»ដោយផ្ដល់សេវាបែប Zero Package Tour


ក្រសួងទេសចរណ៍ បានចាត់ទុកប្រតិបត្តិករទេសចរណ៍ផ្ដល់សេវាបែប Zero Packgage Tour ថាជាអ្នករកស៊ី«កាប់ភ្ញៀវស៊ី» និងព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្នករកស៊ីទាំងនោះបើសិនតែនៅតែគគ្លើនមិនព្រមបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួន។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)
ដោយ

បើតាម​ក្រសួងទេសចរណ៍ ការផ្ដល់ សេវាកម្ម Zero Package Tourនេះ គឺជា​ការលក់​កញ្ចប់ទស្សន​កិច្ច​ថ្លៃសូន្យ ​សំដៅ​លើសកម្មភាព​លក់កញ្ចប់​ទស្សនកិច្ច​នៅថ្លៃទាប​ ឬលក់ទាំងខាត​ តែ​តម្រូវ​ឱ្យទេសចរ​អន្តរជាតិ ទិញទំនិញក្នុងតម្លៃខ្ពស់​ ដើម្បី​ប៉ះប៉ូវការ​ខាតបង់​ទាំងនោះ។ ហើយ​បើតាមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ទង្វើនេះ គឺជាមេរោគ​បំផ្លាញ​ដល់វិស័យទេសចរណ៍​កម្ពុជាទាំងមូលតែម្ដង​។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការីទេសចរណ៍ ដែលប្រកប​អាជីវកម្ម Zero Package Tour ជាមេរោគ​បំផ្លាញគោលដៅ​ទេសចរណ៍​នៅតំបន់​សៀមរាបអង្គរ ក៏ដូចជា​នៅ​ប្រទេសកម្ពុជា​ទាំងមូល ពីព្រោះទេសចរ​អន្តរជាតិ ដែលមកទស្សនាកម្ពុជា តាមរយៈ​ក្រុមហ៊ុនទាំងនេះ​មានការខាតបង់ ​និងខកចិត្ត​យ៉ាងខ្លាំង រហូតដល់អ្នកខ្លះ​ក៏លែងចង់​មកទស្សនា​នៅកម្ពុជា​លើកក្រោយ​ទៀតដែរ ដោយសារតែ​ចាញ់​ការបោកបញ្ឆោត​ទាំងនេះ​។ 

បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នេះជាបញ្ហមួយ​ដែលធ្វើឱ្យ​ប៉ះពាល់ដល់​កិត្តិនាម និងនយោបាយ​ទេសចរណ៍​ជាតិ ដែលត្រូវ​រួមគ្នាទប់ស្កាត់​ឱ្យបាន។

ឯកឧត្តម បានពន្យល់ថា «យើងកុំបន្ទោសភ្ញៀវ ពួកគេអត់ដឹងទេ តែក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour នេះ គឺជាអ្នក​បំផ្លាញ​គោលដៅ​ទេសរណ៍​តែម្ដង មានន័យថា ពួកគេរកស៊ី​ដោយមិន​គិតចំណេញ​ក្នុងកញ្ចប់ តែពួកគេ​យកភ្ញៀវ​មកដើម្បី​កាប់ស៊ី តាមរយៈ​ការលក់​វត្ថុ​អនុស្សាវរីយ៍ គ្រឿង​អលង្ការ​ក្លែងក្លាយ ទំនិញ និងសេវាកម្ម​អន់គុណភាព ដោយទទួល​បានលុយក្រៅ ឬហៅថា Comission ហួសហេតុ​ពីម្ចាស់មូលដ្ឋាន​អាជីវកម្ម​ទាំងនោះ រហូតមាន​ករណីពួក​ក្រុមហ៊ុន​ទេសចរណ៍​ជាការីទេសចរណ៍ ឬភ្នាក់ងារ​ទេសចរណ៍ខ្លះ ជំពាក់លុយ​ម្ចាស់មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មិនសង ឬសង​យឺតយ៉ាវ​ផងដែរ ដែលនាំឲ្យ​គុណភាព​សេវាកម្ម​កាន់តែ​ធ្លាក់ចុះ»។

តាមការគូសបញ្ជាក់ ពី​ឯកឧត្តម រដ្ឋមន្ត្រី នេះហើយ​ជាមូលហេតុ​ដែលនាំ​ឱ្យសណ្ឋាគារ​ ភោជនីយដ្ឋាន​ខ្លះត្រូវបិទទ្វារ ពីព្រោះ​ក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour មិនទាន់សង ឬមិនសង​លុយ ហើយរត់ចោល​បាត់ស្រមោល។

ដោយមើលឃើញ ពីចំណុច​អាក្រក់​របស់​អ្នករករស៊ីបែប Zero Package Tour នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បាន​ប្រកាស​ហាមឃាត់​យ៉ាងដាច់​អហង្កាថា «កម្ពុជាមិនអនុញ្ញាឱ្យការីទេសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍​ណាមួយ ប្រកបអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍​ទៀតនោះឡើយ»។

ឯកឧត្តម ថោង ខុន បានបន្ថែមថា មានក្រុមហ៊ុន​ខ្លះទិញ​សំបុត្រ​ចូលទស្សនា​អង្គរវត្ត ៦២ដុល្លារ សម្រាប់​រយៈពេល៣ថ្ងៃ តែភូតភរ​ភ្ញៀវនាំភ្ញៀវ​ចូលទស្សនា​អង្គរវត្ត​តែ ១ថ្ងៃទេ ហើយថ្ងៃទី២ បន្ត​ទៅទស្សនា​នៅប្រាសាទ​បេងមាលា ១ថ្ងៃ (តម្លៃពិត ៥ដុល្លារ) និងប្រាសាទ​កោះកេរ ១ថ្ងៃទៀត (តម្លៃពិត ១០ដុល្លារ)។ ពួកគេភូតភរ​ទេសចរថា ប្រាសាទ​បេងមាលា និងប្រាសាទកោះកេរ ក៏ជា​អង្គរវត្តដែរ ដោយគាត់បាន​ចំណេញ​ប្រាក់​ពីភ្ញៀវ​ដល់ទៅ ១៥ដុល្លារ។

ឯកឧត្តម ថោង ខុន ក៏បាន​បង្ហើបដែរថា ដោយមើលឃើញ​ពីបញ្ហានេះ ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរ​អប្សរា បានឯកភាពគ្នា​ថានៅថ្ងៃខាងមុខ នឹងបញ្ចូល​ប្រាសាទ​បេងមាលា និងប្រាសាទ​កោះកេរ ទៅក្នុង​កញ្ចប់​ទស្សនា​ជាមួយប្រាសាទ​អង្គរវត្ត​តែម្តង ដើម្បីកុំឱ្យក្រុមហ៊ុន​រកស៊ីបោក​ប្រាស់​ទាំងនោះ​កុហក​ភ្ញៀវបានទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនទឹកកម្សាន្ដ ដ៏ធំជាងគេនៅអាស៊ាន នឹងបើក​ដំណើរការ​​ជា​សាធារណៈ នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩

ព័ត៌មាន
បើមិនមានអ្វី ប្រែប្រួលទេ សួនទឹកកម្សាន្ដដ៏ធំជាងគេបង្អស់នៅអាស៊ាន ឈ្មោះហ្គាឌិន ស៊ីធី វ៉តធើផាក ដែលមានតម្លៃវិនិយោគចុះបញ្ជីប្រមាណ ៥៥ លានដុល្លា…

ផលិតផល សម្លៀកបំពាក់ និងស្បែកជើងវៀតណាម នឹងត្រូវរង់ចាំសិន ចំពោះប្រយោជន៍ដែលនឹងទទួលបាន ពី FTA ជាមួយអឺរ៉ុប

ព័ត៌មាន
ផលិតផល វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង របស់វៀតណាម នឹងមិនអាចទទួលបានការកាត់ចេញនូវពន្ធគយសម្រាប់ការនាំចេញ ទៅអឺរ៉ុប នៅក្នុងដំណាក់កាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ