សារព័ត៌មានវៀតណាម បានរាយការណ៍ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅវៀតណាម កំពុងតែកម្រើកឡើងវិញហើយ ក្រោយមានបញ្ហាដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩។
ស្ថិតិបានបង្ហាញថា នៅ៩ខែឆ្នាំនេះ អ្នកដំណើរដែលបានធ្វើដំណើរតាមអាកាសយានដ្ឋាននានានៅទូទាំងប្រទេសវៀតណាម មានចំនួនសរុបជាង៨៩លាននាក់ ដែលភាគច្រើនជាអ្នកដំណើរក្នុងស្រុក ដែលមានជាង៦៤លាននាក់ និងអ្នកដំណើរបរទេសមានជិត២៤លាននាក់។
ក្រៅពីអ្នកដំណើរ ការដឹកជញ្ជូនទំនិញក៏មានទំហំកើនឡើងដែរ ដោយការដឹកជញ្ជូនតាមជើងយន្តហោះអន្តរជាតិ មានបរិមាណសរុបជិត៦៤ម៉ឺនតោន ខណៈដែលការដឹកជញ្ជូនទំនិញនៅក្នុងស្រុកមានប្រមាណជាងជាង២៥ម៉ឺនតោន។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងចំណោមអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមផ្លូវអាកាសទាំង១០រួមមានជនជាតិកូរ៉េ ថៃ តៃវ៉ាន់ ជប៉ុន ចិន សិង្ហបុរី ម៉ាឡេស៊ី ហុងកុង អូស្រ្តាលី និងឥណ្ឌា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរទេសចរណ៍នៅក្នុងប្រទេសនេះ ក៏បានឲ្យដឹងផងដែរថា នៅក្នុងរយៈពេល៩ខែដើមឆ្នាំនេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត៩លាននាក់ កើនឡើងជិត៥ដង បើធៀបនឹងតួលេខកាលពីឆ្នាំ២០២២កន្លងទៅ ដោយនៅក្នុងនោះភ្ញៀវទេសចរប្រមាណជាង៨៧ភាគរយធ្វើដំណើរតាមផ្លូវអាកាស ហើយតាមផ្លូវគោកគឺមានជិត១២ភាគរយ ដោយឡែកតាមសមុទ្រមានខ្លះដែរ ប៉ុន្តែមិនច្រើន។
ទោះបីតួលេខនេះទើបស្មើនឹង៦៩ភាគរយនៃស្ថិតិនៅឆ្នាំ២០១៩ ក៏ដោយ តែអាជ្ញាធរវៀតណាមរំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ វៀតណាមនឹងអាចទាក់ទាញអ្នកទេសចរបរទេសបានពី១០ទៅ១២លាននាក់។
ដោយឡែកពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មវិញឃើញថា នៅ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មវៀតណាមមានតម្លៃសរុបរហូតដល់ទៅជិត៦៩ពាន់លានដុល្លារ ថយចុះជាង៧ភាគរយ
ប៉ុន្តែវៀតណាមបានធ្វើពិពិធកម្មនាំចេញគ្រប់វិស័យដោយក្នុងនោះគ្រាន់តែកម្ទេសឈើ ក៏ត្រូវបានវៀតណាមច្នៃនាំចេញដែលមានតម្លៃរហូតដល់ជាង១ពាន់លានដុល្លារនៅក្នុងរយៈពេល៧ខែឆ្នាំនេះ ដោយប្រទេសដែលទទួលទិញកម្ទេចឈើពីវៀតណាម រួមមាន កូរ៉េខាងត្បូង ជប៉ុន និងចិនជាដើម៕