ទឹកស្អាតសៀមរាប

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប មានលទ្ធភាពផលិតទឹកស្អាត៩ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ


តម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអ្នកទេសចរនៅក្នុងខេត្តទេសចរណ៍នៅប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីភាគីពាក់ព័ន្ធ។ តាមរយៈតម្រូវការនេះ បានធ្វើឱ្យអ្នកពាក់ព័ន្ធបង្កើតនូវកិច្ចសហប្រតិបត្តិការមួយ សំដៅធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរនៅខេត្តសៀមរាប។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ជួយលើកកម្ពស់ឧស្សាហកម្មទេសចរណ៍

ឯកឧត្តម ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានគូសបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្រោមកម្ចីសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA) គឺ​ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បច្ចុប្បន្នខេត្តសៀមរាប មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតសរុប៩ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ដែលជាកម្ចីសម្បទានពីរាជរដ្ឋាភិបាលជប៉ុន និងប្រទេសបារាំង។

សម្រាប់អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានានូវការផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពជូនប្រជាជនក្នុងក្រុងសៀមរាប និងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍នៅខេត្តនេះផងដែរ។ ជាមួយគ្នានោះ ដើម្បីឆ្លើយតបនូវតម្រូវការទឹកស្អាតប្រើប្រាស់នៅតំបន់ជុំវិញក្រុងសៀមរាប ដែលជាគោលដៅទេសចរណ៍ផងនោះ រដ្ឋបាលខេត្តសៀមរាប មានផែនការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ឲ្យបាន១០០ភាគរយ សម្រាប់ប្រជាពលរដ្ឋប្រមាណ២ម៉ឺនគ្រួសារ ដែលរស់នៅតំបន់អភិវឌ្ឍន៍ជុំវិញក្រុងសៀមរាបនៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋប្រមាណ២ពាន់គ្រួសារ បានទទួលផលប្រយោជន៍ពីគម្រោងនេះ។

បើតាមរដ្ឋាករទឹកស្វយ័តសៀមរាប គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប មានចំនួន៣គម្រោង និងចំណាយថវិកាសរុបចំនួន ១៥លានយ៉េន ដោយគម្រោងទី១ ចាប់ផ្ដើមនៅឆ្នាំ២០១២ មានទំហំទឹកប្រាក់ជាង៧លានយ៉េន។ គម្រោងទី២ ចាប់ផ្ដើមនៅឆ្នាំ២០២១ មានទំហំទឹកប្រាក់ជាង៦លានយ៉េន និងគម្រោងទី៣បានចាប់ផ្ដើមនៅឆ្នាំ២០២៣ ជាមួយទំហំទឹកប្រាក់ជាង២លានយ៉េន។ សម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ-សៀមរាប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងឧសភា ឆ្នាំ២០២៣ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលនយោបាយលើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០ភាគរយ នៅត្រឹមឆ្នាំ២០២៣ និង១០០ភាគរយ​ នៅត្រឹមឆ្នាំ២០២៥។ បច្ចុប្បន្ននេះការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានជាង១លានគ្រួសារ កើនឡើងជិត៥៤ភាគរយ​ បើធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត៤០០លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណជាង៣០០លានម៉ែត្រគូប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរថៃ រឹតបន្តឹងការគ្រប់គ្រងកាំភ្លើង ក្រោយផ្ទុះការបាញ់ប្រហារ នៅកណ្ដាលផ្សារទំនើប

ព័ត៌មាន
ក្រុមមន្ត្រីថៃ បានអះអាងថា ខ្លួននឹងស្ដារឡើងវិញនូវទំនុកចិត្តនៅក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចខ្លួន បន្ទាប់ពីមានករណីប…

វៀតណាម ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង៨៩លាននាក់ ត្រឹមរយៈពេល៩ខែ

ព័ត៌មាន
វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅប្រទេសវៀតណាម កំពុងតែកម្រើកឡើងវិញជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់។ ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល៩ខែដំបូងឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ