កាលពីសប្តាហ៍មុន រដ្ឋាភិបាលឥណ្ឌូណេស៊ី បានតាក់តែង និងប្រកាសបទបញ្ញត្តិមួយថ្មី ដែលហាមប្រាមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមពីការសម្របសម្រួល ដល់ការលក់ផលិតផលនានានៅលើវេទិការបស់ពួកគេ។ និយ័តករឥណ្ឌូណេស៊ី អះអាងថា ការកំណត់តម្លៃថោកនៅលើវេទិកាអនឡាញបែបនេះ អាចបំផ្លាញហាងបែបប្រពៃណី និងទីផ្សារក្រៅបណ្តាញសង្គមបាន។
ច្បាប់នេះក៏តម្រូវឱ្យមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករួមទាំងកម្មវិធីដែលមិនមែនជាប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ហើយត្រូវកំណត់តម្លៃអប្បបរមា១០០ដុល្លារ សម្រាប់ទំនិញមួយចំនួន ដែលបានទិញដោយផ្ទាល់ពីបរទស ពោលគឺដើម្បីការពារតម្លៃទំនិញអ្នកលក់រាយក្នុងស្រុក។
លោកបូឌី អារី សែធីឌី (Budi Arie Setiadi) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូណេស៊ីបានពន្យល់កាលពីថ្ងៃ២៦ ខែកញ្ញាថា ការរឹតត្បឹតថ្មីនេះ មែនទែនទៅមានគោលបំណងធានា និងការពារការលក់របស់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមក្នុងស្រុក ដោយស្មើភាព។
កាលពីខែមិថុនា នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោកស៊ូ ហ្សី ឈូ (Shou Zi Chew) បានប្ដេជ្ញានៅឯកិច្ចប្រជុំកំពូលនៅទីក្រុងហ្សាកាតាថា ក្រុមហ៊ុននឹងបណ្តាក់ទុនរាប់ពាន់លាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចដំបូង និងធំជាងគេរបស់ខ្លួន។
លោកឈូបាននិយាយថាប្រទេសឥណ្ឌូនេស៊ីនិងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនឹងឃើញការវិនិយោគជាង១២លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខ ពីក្រុមហ៊ុនTikTok ក្នុងការគាំទ្រដល់សហគ្រិនវ័យក្មេង និងអាជីវកម្មខ្នាតតូច។ សម្រាប់បណ្តាញសង្គមTikTok ឥណ្ឌូនេស៊ី បានក្លាយជាទីផ្សារដ៏សំខាន់មួយរួចទៅហើយ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវស្តេធីស្តា (Statista) ឥណ្ឌូនេស៊ី មានអ្នកប្រើប្រាស់ TikTok ជិត១០០លាននាក់ គិតត្រឹមខែកក្កដា ជាចំនួនធំបំផុតទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។
គួរជម្រាបថា គិតត្រឹមខែកក្កដាការលក់ទំនិញនៅលើ TikTok បានវ៉ាដាច់ការលក់របស់ក្រុមហ៊ុនលក់ទំនិញអនឡាញ ឡាហ្សាដា (Lazada) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Alibaba ហើយបាន ក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតទីបីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា Momentum Works ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុនប្រឹក្សានេះក៏បានប៉ាន់ប្រមាណផងដែរថា ប្រសិនបើគ្មានការហាមឃាត់ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងប្រទេសឥណ្ឌូនេស៊ីទេនោះ TikTok នឹងកើបលុយលើសពីគោលដៅប្រមាណ ១៥ពាន់លានដុល្លារនៅឆ្នាំនេះ៕