ច្បាប់លំនៅឋាន និងបទប្បញ្ញត្តិថ្មីនៃច្បាប់ភូមិបាលរបស់វៀតណាម ដែលគេរំពឹងថា នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំនេះបានកំណត់ថា ឧទ្យានមហាសមុទ្រ វីនហូមទីពីរ និងទីបីនឹងត្រូវបានអនុញ្ញាតឱ្យចេញវិញ្ញាបនបត្រកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់បុគ្គលជាជនបរទេស ដែលបានទិញផ្ទះនៅក្នុងឧទ្យានទាំងនេះ។ ជនបរទេសត្រូវបានអនុញ្ញាតឱ្យមានផ្ទះមួយសម្រាប់រស់នៅក្នុងរយៈពេល៥០ឆ្នាំ និងអាចស្នើសុំបន្តសុពលភាព៥០ឆ្នាំបន្ថែមទៀត។
លោក លី ចាងវ៉ូល (Lee Jang-wol) វិស្វករជនជាតិកូរ៉េ ដែលធ្វើការនៅក្នុងខេត្តបាក់ និញ (Bac Ninh) បាននិយាយថា លោក និងប្រពន្ធរបស់លោកមានបំណងទិញផ្ទះមួយនៅក្នុងឧទ្យានមហាសមុទ្រវីនហូមទីពីរ នៅប្រទេសវៀតណាម ដើម្បីរស់នៅទីនោះក្រោយពីគម្រោងលំនៅឋាននេះត្រូវបានអនុញ្ញាតឱ្យលក់ផ្ទះទៅឱ្យជនបរទេសដោយស្របច្បាប់។
ច្បាប់លំនៅឋានថ្មីរបស់វៀតណាមនេះ ក៏បានអនុញ្ញាតឱ្យជនបរទេសអាចដាក់ជួល និងបើកអាជីវកម្មដោយផ្ទាល់ផងដែរ ប៉ុន្តែក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនប្រតិបត្តិការហាក់មានការធ្លាក់ចុះដោយសារកង្វះការផ្គត់ផ្គត់លំនៅឋាន។
ស្របពេលមានកំណើនខ្លាំងក្លានៃរំហូរការបណ្ដាក់ទុនផ្ទាល់ពីបរទេសនោះ កម្លាំងពលកម្មបរទេសដែលហូរចូលក្នុងប្រទេសវៀតណាម ក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្ដែងគិតត្រឹមចុងឆ្នាំ២០២៣ ចំនួនកម្លាំងពលកម្មបរទេសមានជាង១៣ម៉ឺននាក់ ឯណោះ៕
អត្ថបទ៖ សុខ មង្គល