ក្រសួងសន្តិសុខសាធារណៈ វៀតណាម បាននិយាយថា លោក ង្វៀន លីញ ង៉ុក (Nguyen Linh Ngoc) អតីតអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ត្រូវបានចោទប្រកាន់ពីបទបំពានដោយចេតនានូវបទប្បញ្ញត្តិគ្រប់គ្រងសេដ្ឋកិច្ចរដ្ឋបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ អតីតមន្ត្រីជាន់ខ្ពស់៤នាក់ផ្សេងទៀតនៅនាយកដ្ឋានរុករករ៉ែនៃក្រសួងបរិស្ថាន ក៏ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ដូចគ្នានេះដែរ ប៉ុន្តែក្រសួងសន្តិសុខសាធារណៈមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួននេះនោះទេ ហើយមន្ត្រីដែលត្រូវចាប់ខ្លួនទាំងនោះក៏មិនអាចឆ្លើយបំភ្លឺបានដែរ។
គួររំលឹកថា កាលពីឆ្នាំមុន ប៉ូលិសវៀតណាម បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ជាច្រើននាក់រួមទាំងប្រធានក្រុមហ៊ុន Thai Duong Group ដែលធ្វើប្រតិបត្តិការអណ្តូងរ៉ែ នៅខេត្តយេនបៃ (Yen Bai) ភាគខាងជើងប្រទេសវៀតណាមផងដែរ ដោយចោទពួកគេថា បានក្លែងបន្លំបង្កាន់ដៃពន្ធលើតម្លៃបន្ថែមក្នុងការជួញដូររ៉ែកម្រ៕
អត្ថបទ៖ សុខ មង្គល