ស្របពេលប្រាក់យ៉េនធ្លាក់ចុះ និងការចំណាយលើវត្ថុធាតុដើមកាន់តែកើនឡើងនោះ ក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួនកំពុងប្រើគ្រប់វិធីតាមលទ្ធភាពរបស់ពួកគេ ដើម្បីកាត់បន្ថយការចំណាយ។ ក្នុងនោះដែរ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ធំមួយ ដែលបានចូលជាធរមានកាលពីខែមករានោះ បានផ្តល់ឱ្យក្រុមហ៊ុនជប៉ុននូវខ្សែជីវិតថ្មីមួយក្នុងការធ្វើពិធិកម្មទីផ្សារ។
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗមួយចំនួនរបស់ជប៉ុនដូចជាក្រុមហ៊ុន Adastria ក្រុមហ៊ុន Aoyama Trading និងក្រុមហ៊ុនផ្គត់ផ្គង់ Uniqlo កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេកាន់តែច្រើនទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP នៅអាស៊ីអាគ្នេយ៍ ដោយទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយ ឬការលើកលែងពន្ធនាំចូលវាយនភ័ណ្ឌ។
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adastria ដែលជាម្ចាស់យីហោម៉ូដដ៏ពេញនិយមរួមទាំងក្រុមហ៊ុន Global Work បានបង្កើនការផលិតរបស់ខ្លួននៅប្រទេសកម្ពុជា និងវៀតណាមចាប់ពីឆ្នាំនេះ ជាពិសេសសម្រាប់ផលិតផលស្តង់ដារដូចជាខោអាវជាដើម។ សមាមាត្រនៃផលិតកម្មនៅអាស៊ីអាគ្នេយ៍ តាមបរិមាណគិតត្រឹមខែសីហា បានកើនឡើង ២២%បើធៀបនឹងឆ្នាំមុន
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adastria គ្រោងនឹងពង្រីកតំបន់ផលិតកម្មទៅកាន់ប្រទេសឥណ្ឌូណេស៊ី បង់ក្លាដែស និងប្រទេសដទៃទៀត និងបង្កើនផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យដល់ ៥០% គិតត្រឹមឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងចំណោមសម្លៀកបំពាក់របស់ក្រុមហ៊ុនដែលបាននាំចូលទៅប្រទេសជប៉ុន គឺបរិមាណទំនិញដែលផលិតនៅក្នុងប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹម ៥៩% ក្នុងឆ្នាំ២០២១ពោលគឺធ្លាក់ចុះពីកម្រិត ៨១% កាលពីមួយទសវត្សរ៍មុន។
ចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរផលិតកម្មពីប្រទេសជប៉ុនទៅប្រទេសចិនដើម្បីស្វែងរកកម្លាំងពលកម្មថោកប៉ុន្តែចាប់ពីឆ្នាំ២០១០មក ចលនាផ្លាស់ប្ដូរនេះបានពង្រីកទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃគោលនយោបាយ«ចិនបូកមួយ» ចំពេលកើនឡើងតម្លៃពលកម្មនៅក្នុងប្រទេសចិន ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកមួយនេះ។
លើសពីនេះទៀតគោលនយោបាយសូន្យកូវីដរបស់ចិននាំឱ្យមានការបិទខ្ទប់ទ្រង់ទ្រាយធំទប់ស្កាត់ការរាលដាលនៃមេរោគនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្ម និងភស្តុភារក្នុងប្រទេសចិនផងដែរ។
មិនមែនមានតែឧស្សាហកម្មកាត់ដេរតែម្យ៉ាងទេ ដែលបានបង្កើនលទ្ធកម្មរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែវាក៏មានក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមដែរ។ ថ្មីៗនេះគេបានឃើញក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម និងសម្ភារៈគេហដ្ឋានធំមួយគឺក្រុមហ៊ុន Nitori គ្រោងនឹងទិញដីថ្មីនៅរោងចក្រមួយក្នុងប្រទេសវៀតណាមដើម្បីពង្រីកផលិតកម្មរបស់ខ្លួន៕
អត្ថបទ ៖ នៅ សំភី