វ៉ាក់សាំង AstraZeneca

ប្រទេស​ជា​ច្រើន​ផ្អាក​ការចាក់វ៉ាក់សាំង AstraZeneca ៖ តើ​ហេតុអ្វី? តើ​អ្នក​ជំនាញ​និយាយ​អ្វីខ្លះ​អំពី​វ៉ាក់សាំងនេះ?


នៅថ្ងៃសុក្រនេះ ថៃ​បាន​ក្លាយជាប្រទេស​អាស៊ី​ដំបូងគេ​បង្អស់​ដែល​ផ្អាក​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ AstraZeneca ដោយបារម្ភពីសុវត្ថិភាព គឺ​នៅ​​ក្រោយ​​​ពី​ប្រទេស​ដាណឺម៉ាក​​បាន​ប្រកាស​ផ្អាក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ AstraZeneca នេះចំនួន​ ០២សប្ដាហ៍សិន​ បន្ទាប់​ពី​មាន​របាយការណ៍​អំពី​បញ្ហា​កំណក​ឈាម និង​ករណីស្លាប់​មនុស្សម្នាក់ ។ នេះបើយោងតាមការផ្សាយរបស់ CNBC ។
វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស
ដោយ

ប៉ុន្តែ ទោះបី​ប្រទេស​កាន់តែច្រើនឡើង​បាន​ផ្អាក​ការចាក់វ៉ាក់សាំង​ AstraZeneca របស់​អង់គ្លេស​នេះ​ក្ដី ប្រទេស​ជាច្រើន​ផ្សេងទៀត បាន​ការពារការសម្រេចចិត្ត​របស់​ខ្លួន​ក្នុងការ​ប្រើ​វ៉ាក់សាំង​ប្រភេទនេះ និង​នៅតែ​បន្ត​ការ​ចាក់វ៉ាក់សាំង​ប្រភេទនេះ​ដដែល ។ 

នៅអឺរ៉ុប ក្រៅ​ពីប្រទេស​ដាណាម៉ាក មានប្រទេស​ចំនួន ៧ទៀត ក៏បាន​ផ្អាក​ការប្រើ​វ៉ាក់សាំង​ AstraZeneca ដែរ រួមមាន ប្រទេស​ន័រវ៉េ, អ៊ីស្លង់, ប៊ុលហ្គារី, លុច្សហ្សំបួ, អេស្តូនី, លីទុយអានី, និង​ឡាត់វី ។

កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ និយតករ​ឱសថ​របស់​អឺរ៉ុប គឺទីភ្នាក់ងារ​ឱសថ​អឺរ៉ុប បាន​បញ្ជាក់ថា ពុំ​មាន​ភ័ស្តុតាង​បញ្ជាក់ថា​ វ៉ាក់សាំង AstraZeneca បង្ក​ឲ្យ​កកឈាម​នៅ​ក្នុង​សរសៃ​ឈាម​នោះទេ និង​ថា ខ្លួន​ជឿជាក់ថា ផលប្រយោជន៍​របស់​វ៉ាក់សាំងនេះ​មានច្រើន​ជាង​ហានិភ័យ ។

គិតត្រឹមថ្ងៃពុធ មនុស្ស​ប្រហែល ៥លាននាក់​នៅ​អឺរ៉ុប​បាន​ទទួល​ការចាក់​វ៉ាក់សាំង AstraZeneca ហើយ​ក្នុង​តួលេខ​នេះ មាន​ករណី​ដែល​គេ​ហៅថា កំណក​ឈាម​នៅ​ក្នុង​សរសៃ​ ចំនួន ៣០ករណី​ប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍ ។ 

ហេតុអ្វី​ប្រទេសនានា​ផ្អាក​ការចាក់វ៉ាក់សាំង AstraZeneca ?

នៅថ្ងៃសុក្រ​នេះ ក្រសួងសុខាភិបាលថៃបានប្រកាស​ផ្អាកបណ្ដោះអាសន្ន​នូវ​ការចាក់​វ៉ាក់សាំង AstraZeneca ដោយ​ពណ៌នាថា វ៉ាក់សាំងនេះ​ល្អ ប៉ុន្តែ ខ្លួន​ចង់​ផ្អាកសិន​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​លើ​បញ្ហា​សុវត្ថិភាព ។ 

ការសម្រេច​បែបនេះ​របស់​ប្រទេស​ថៃ គឺ​នៅក្រោយ​ពេល​ដែល​អាជ្ញាធរ​សុខាភិបាល​ដាណាម៉ាក​ប្រកាស​ផ្អាក​ការចាក់​វ៉ាក់សាំង​ AstraZeneca ដែរ ។ អាជ្ញាធរដាណាម៉ាក​បាន​និយាយថា ខ្លួន​មិនមែន​បោះបង់​ចោល​វ៉ាក់សាំង​ប្រភេទ​នេះ​តែម្ដង​នោះ​ទេ ប៉ុន្តែថា គ្រាន់តែផ្អាក​សិន​ប៉ុណ្ណោះ ។ 

ប៉ុ​ន្តែទោះជាយ៉ាងនេះក្ដី ប្រទេស​មានប្រាក់ចំណូល​ខ្ពស់ជាច្រើន​​បាន​សម្រេចចិត្ត​បន្ត​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ Oxford-AstraZeneca ដដែល នៅបន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​អំពី​បញ្ហា​បារម្ភពីសុវត្ថិភាព ។ 

ចក្រភពអង់គ្លេស, បារាំង, អូស្ត្រាលី, កាណាដា និងមិចស៊ិក ស្ថិតក្នុងចំណោមប្រទេសដែល​បាន​ខិតខំ​ធានាអះអាង​ចំពោះ​ពលរដ្ឋ​របស់ខ្លួន​អំពី​ផល​ប្រយោជន៍​នៃ​វ៉ាក់សាំង AstraZeneca និង​បាននិយាយថា គេនឹងបន្ត​ការវ៉ាក់សាំងនេះដដែល ។

អ្នកនាំពាក្យ​ក្រុមហ៊ុន AstraZeneca បាន​និយាយថា ការវិភាគ​ទៅ​លើ​ទិន្នន័យសុវត្ថិភាព​នៃ​កំណត់ត្រា​ចំនួនជាង ១០លានកំណត់ត្រា ពុំបាន​បង្ហាញ​ភ័ស្តុតាង​អំពី​ការកើនឡើងនៃ​ហានិភ័យ​កំណកឈាម​នៅក្នុងសរសៃនោះទេ ។ តាមពិតទៅ ករណីកំណក​ឈាម​ដែលបាន​សង្កេតឃើញ​នៅក្នុង​ចំណោម​ប្រជាជន​ដែល​ចាក់វ៉ាក់សាំង​ AstraZeneca គឺ​មានចំនួន​ទាបជាង​អត្រា​កំណកឈាម​នៅក្នុងសរសៃ នៅក្នុងចំណោម​ប្រជាជនទូទៅ ទៅទៀត ។ 

តើអ្នកជំនាញ​គេ​និយាយ​អ្វីខ្លះ ?

គណៈកម្មាធិការ​សុវត្ថិភាព​នៃ​និយតករ​ឱសថ​អឺរ៉ុប កំពុងធ្វើការស៊ើបអង្កេត​លើ​បញ្ហានេះ ប៉ុន្តែ បាននិយាយថា បច្ចុប្បន្ន ពុំមាន​ភ័ស្តុតាង​បញ្ជាក់ថា ការចាក់វ៉ាក់សាំង AstraZeneca បានបណ្ដាល​ឲ្យ​មាន​ឈាម​កក​នៅក្នុង​សរសៃ​នៅឡើយទេ ។ 

និយតករ​ឱសថ​អឺរ៉ុប ក៏បាន​កត់សម្គាល់ផងដែរថា ទិន្នន័យដែល​អាចរកបាន​កន្លងមក បានបង្ហាញថា ចំនួន​នៃករណី​កំណក​ឈាម​នៅក្នុង​សរសៃក្នុងចំណោម​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង គឺ​ពុំ​មាន​កម្រិត​ខ្ពស់​ជាង​អ្វីដែលគេសង្កេតឃើញ​កើតមាន​នៅក្នុង​ចំណោម​ប្រជាជនទូទៅនោះទេ ។ 

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែកសុវត្ថិភាព​វ៉ាក់សាំង នៅ​និយតករ​ឱសថ​និង​ផលិផល​ថែទាំ​សុខភាព​នៃ​ចក្រភព​អង់គ្លេស បាននិយាយថា សុវត្ថិភាព​របស់​មហាជន​គឺ​ជា​អាទិភាពចម្បង ហើយ​យើង​កំពុង​បន្ត​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ប៉ុន្តែ​ យើងសូមបញ្ជាក់ថា ភ័ស្តុតាងដែលមាន​ពុំ​បាន​បញ្ជាក់ថា វ៉ាក់សាំង​ AstraZeneca ជាបុព្វហេតុ​នៃការកក​ឈាម​នៅ​ក្នុង​សរសៃ​ឡើយ ៕




អត្ថបទបន្ទាប់


ដោយ​ចង់​​ជំរុញ​ការអាន​នៅ​កម្ពុជា នារី​ម្នាក់​អាន​សៀវភៅ​ឲ្យ​ស្តាប់​តាមរយៈ​ការ​ផ្សាយផ្ទាល់​លើ​ហ្វេសប៊ុក

ព័ត៌មាន
អ្នកនាង ឈួន ច័ន្ទធីតា អង្គុយ​ក្នុង​បន្ទប់​របស់​ខ្លួន ដៃកាន់​សៀវភៅ ពោរពេញ​ដោយ​ស្នាម​ញញឹម ហើយ​អាន​សៀវភៅ​ដោយ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម…

វៀតណាម​នៅបន្ត​ចាក់​វ៉ាក់សាំង AstraZeneca ដដែល ខណៈ​ប្រទេស​ជាច្រើន​​ផ្អាក​បណ្ដោះ​អាសន្ន

ព័ត៌មាន
វៀតណាម​នឹង​បន្ត​ការ​ចាក់វ៉ាក់សាំង AstraZeneca ដដែល ដោយសារថា​ខ្លួន​ពុំ​មាន​កំណត់ត្រា​ណា​មួយ​អំពី​ករណី​ឈាម​កក​ក្នុង​សរសៃ​ដូច​ដែល​ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ