
ការនាំចេញកាហ្វេរបស់វៀតណាម បានឈានដល់កំណត់ត្រាថ្មីរហូតដល់៤,៧ពាន់លានដុល្លារក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ជាទីផ្សារកាហ្វេធំជាងគេរបស់ប្រទេសនេះ។ ក្នុងសហភាពអឺរ៉ុប បានចូលកាហ្វេវៀតណាម ជិត៣៧ម៉ឺនតោន មានតម្លៃ២ពាន់លានដុល្លារកើនឡើងជាង១០% សម្រាប់បរិមាណ និងតម្លៃកើនឡើងជិត៨២%។ ចំណែកការនាំចេញទៅអាម៉េរិក សម្រេចបាន៥ម៉ឺន៤ពាន់តោន កើនឡើង ៦,៣% គិតជាទឹកប្រាក់២៩៩លានដុល្លារ កើនឡើងជាង៧២%។ ក្រៅពីប្រទេសទាំងពីរ វៀតណាម បាននាំចេញទៅប្រទេសអាល់ហ្សេរី ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងជាដើម ។ តម្លៃកាហ្វេរបស់វៀតណាម អាចលក់បានជាមធ្យម៥ពាន់៧រយដុល្លារក្នុងមួយតោន ។
តែទោះជាយ៉ាងណាក៏ដោយ ការនាំចេញ និងតម្លៃកាហ្វេរបស់វៀតណាម ត្រូវបានគេព្យាករអាចនឹងថមថយចុះមកវិញ ដោយសារចំនួនបរិមាណផ្គត់ផ្គង់កាហ្វេនៅលើពិភពលោកកំពុងមាននិន្នាការកើនឡើង។ អ្នកតាមដានស្ថានភាពទីផ្សារកាហ្វេ បានអះអាងថា តម្លៃកាហ្វេនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស បានធ្លាក់ចុះមកនៅត្រឹម៤ពាន់៤រយដុល្លារប៉ុណ្ណោះក្នុងមួយតោននៅដើមខែមិថុនា ហើយវាអាចនឹងថយចុះបន្ថែមទៀត ពីព្រោះទិន្នផលកាហ្វេរដូវកាលថ្មីកំពុងមានសន្ទុះកើនឡើង។ កាលពីឆ្នាំ២០២៤ វៀតណាម អាចនាំចេញកាហ្វេបានប្រមាណ៥,៤ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ