ភូមិសាស្រ្តនយោបាយ

តើហេតុអ្វីបានចិន និងអាម៉េរិកយកចិត្តទុកដាក់ខ្លាំងលើដំណើរការបោះឆ្នោតនៅកោះតៃវ៉ាន់?


កោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ ជាមួយនឹងអ្នកដែលមានសិទ្ធិបោះឆ្នោតសរុបចំនួនជាង១៩លាននាក់។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតផ្ទៃក្នុងនៅដែនកោះនេះសោះ ប៉ុន្តែតើហេតុអ្វីបានជា មហាអំណាចដូចជាចិន និងសហរដ្ឋអាម៉េរិកយកចិត្តទុកដាក់ខ្លាំងម្ល៉េះ?
ភូមិសាស្រ្តនយោបាយ
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា ការបោះឆ្នោតនៅកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺជាការវាស់ស្ទង់ឥទ្ធិពល និងប្រជាប្រិយភាពនៃប្រព័ន្ធនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិកនៅក្នុងតំបន់។

ជុំវិញដំណើរការនៃការបោះឆ្នោតនេះ អ្នកវិភាគភូមិសាស្រ្តនយោបាយបានវាយតម្លៃថា ការបោះឆ្នោតនេះមិនត្រឹមតែជាការសម្រេចចិត្តលើគោលនយោបាយរបស់ដែនកោះ ដែលមានភាសា វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្រ្តដូចគ្នានឹងទីក្រុងប៉េកាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទំនាក់ទំនងអាម៉េរិក និងចិនផងដែរ។

នៅពេលនេះទីក្រុងវ៉ាស៊ីនតោន ចាត់ទុកកោះតៃវ៉ាន់ជាបន្ទាយនៃលទ្ធិប្រជាធិបតេយ្យនៅជាប់នឹងប្រទេសចិន និងជាទីតាំងយុទ្ធសាស្ត្រសម្រាប់សន្តិភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះបីជាសហរដ្ឋអាម៉េរិកមិនទទួលស្គាល់កោះនេះជារដ្ឋឯករាជ្យពេញលេញក៏ដោយចុះ។ ដោយឡែកទីក្រុងប៉េកាំងវិញ គឺបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ហើយបញ្ហាតៃវ៉ាន់ជាខ្សែបន្ទាត់ក្រហមដែលមិនត្រូវឆ្លងកាត់ ឬជ្រៀតជ្រែកពីភាគីបរទេសណាឡើយ។

តាមការសង្កេតនៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ជាបន្តបន្ទាប់មកដល់ពេលនេះ គេដឹងថា បេក្ខភាពដែលកំពុងតែនាំមុខគេ គឺលោក វីលៀម ឡៃ ជីងតេ ( William Lai Ching-te ) ដែលបច្ចុប្បន្នលោកជាអនុប្រធានាធិបតីនៃកោះនេះស្រាប់ ហើយលោកឈរឈ្មោះតាមរយៈគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលជាគណបក្សកំពុងកាន់អំណាច ហើយគូប្រជែងដ៏សំខាន់របស់លោក ត្រូវបានគេស្គាល់ថា គឺលោក ហ៊ូ យូអ៊ី ( Hou Yu-ih) មកពីគណបក្ស គូមិនតាង ( Kuomintang )។ ក្រៅពីនេះនៅមានលោក គូ វេន ជេ (Ko Wen-je) មកពីគណបក្សប្រជាជនតៃវ៉ាន់។

លទ្ធផលយ៉ាងណាសូមរង់ចាំតាមដានក្រោយការបោះឆ្នោត ប៉ុន្តែគេគ្រាន់តែដឹងថា លោក វីលៀម គឺជាអ្នកនយោបាយកោះតៃវ៉ាន់ដែលមាននិន្នាការប្រឆាំងចិន និងលើកកម្ពស់ឯករាជ្យភាពរបស់ប្រជាជននៅដែនកោះនេះពីចិន ខណៈដែលលោក ហ៊ូ គឺមានទំនោរប្រឆាំងនឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់ ហើយហាក់មានទំនោរទៅរកការបង្រួបបង្រួមជាមួយចិន ដោយឡែក លោក គូ វិញ ហាក់មានទស្សនៈសម្របសម្រួលរវាងគូប្រជែងទាំងពីរ ដោយលោក មានទស្សននយោបាយកណ្តាលមួយរវាងឯករាជ្យភាពតៃវ៉ាន់ និងគោលនយោបាយបង្រួបបង្រួមជាមួយនឹងចិន ក្រោមហេតុផលសន្តិភាព ប៉ុន្តែរិតបន្តឹងនិងឱ្យតម្លៃលើប្រព័ន្ធប្រជាធិបតេយ្យ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងរុករករ៉ែដ៏ធំបំផុតរបស់ពិភពលោកតម្លៃ២០ពាន់លានដុល្លារ នឹងដំណើរការនៅឆ្នាំនេះ

ព័ត៌មាន
នៅទីបំផុត គម្រោងរុករករ៉ែដ៏ធំបំផុតរបស់ពិភពលោកក្នុងទំហំទុនវិនិយោគដ៏មហាសាលដល់ទៅ២០ពាន់លានដុល្លារអាម៉េរិក នៅតំបន់ដាច់ស្រយាលមួយនៃទ្វីបអ…

តំបន់អាស៊ីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិកបាន ប៉ុន្តែវានឹងមិនងាយស្រួលឡើយ

ព័ត៌មាន
ស្របពេលតម្លៃប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងជាបន្តបន្ទាប់នៅ៣ឆ្នាំចុងក្រោយនេះ ដែលបានជំរុញឱ្យសម្ពាធអតិផរណាកើនឡើង និងជំរុញរំហូរមូលធនចេញពីត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ