
ច្បាប់ថ្មីស្តីពីការចូលសញ្ជាតិវៀតណាម ដែលសភាទើបធ្វើវិសោធនកម្ម និងអនុម័តកាលពីថ្ងៃទី២៤ ខែមិថុនា បានបើកផ្លូវសម្រាប់ជនបរទេស ដែលមានប្តី/ប្រពន្ធ កូន ឪពុកម្តាយ ឬជីដូនជីតាជាជនជាតិវៀតណាម អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិវៀតណាម ដោយស្របច្បាប់ដោយមិនតម្រូវឱ្យបញ្ជាក់អំពីជំនាញភាសាវៀតណាម បង្ហាញពីភាពគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ ឬស្នាក់រស់នៅក្នុងប្រទេសនេះយ៉ាងតិច៥ឆ្នាំដូចមុនទៀតឡើយ ខណៈតម្រូវការលើកមុនបានបង្កភាពលំបាកសម្រាប់មនុស្សជាច្រើន។
លក្ខខណ្ឌនេះ ក៏ត្រូវបានអនុវត្តចំពោះជនបរទេសណាដែលត្រូវបានទទួលស្គាល់សម្រាប់ការរួមចំណែកពិសេស ឬអត្ថប្រយោជន៍ ដែលពួកគេបានធ្វើសម្រាប់ប្រទេសនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនត្រូវតែគោរពតាមច្បាប់វៀតណាម គោរពវប្បធម៌ និងទំនៀមទម្លាប់ និងមានភាពស្របច្បាប់ពេញលេញ។ រដ្ឋាភិបាលវៀតណាម សង្ឃឹមថា តាមរយៈច្បាប់នេះនឹងជួយទាក់ទាញអ្នកមានវិជ្ជាជីវៈ អ្នកវិនិយោគ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឱ្យចូលមកវៀតណាមកាន់តែច្រើនថែមទៀត៕
ដោយ៖ សុខ មង្គល