ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម ហៅកាត់ថា EVN បានដាក់សំណើសុំឡើងថ្លៃអគ្គិសនីនេះ ទៅកាន់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរួចរាល់ហើយ។ ប្រសិនបើទទួលបានការយល់ព្រម នោះវានឹងក្លាយជាការកែប្រែតម្លៃអគ្គិសនីលើកដំបូង ចាប់តាំងពីខែមីនា ឆ្នាំ២០១៩មក។
យ៉ាងណាមិញ ចំពោះចំនួននៃការដំឡើងថ្លៃអគ្គិសនីនេះ មិនត្រូវបានទម្លាយឱ្យដឹងឡើយ ប៉ុន្តែក្រុមហ៊ុន EVN ត្រូវបានតម្រូវឱ្យប្រឹក្សាជាមួយក្រសួងជាមុនសិន ខណៈការដំឡើងថ្លៃអាចចន្លោះពី ៥% ទៅ ១០%។ បច្ចុប្បន្នតម្លៃអគ្គិសនីនៅវៀតណាមគឺមានជិត២ពាន់ដុង ឬប្រហែល ៣៣០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ការរក្សាតម្លៃអគ្គិសនីប្រើប្រាស់ក្នុងស្រុកមិនឲ្យឡើងថ្លៃ ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម ត្រូវបានរំពឹងថា នឹងខាតបង់ប្រាក់ប្រមាណជាង ១ពាន់២រយលានដុល្លារ សម្រាប់ឆ្នាំ២០២២នេះ ដោយសារតែប្រេងសាំង និងធ្យូងថ្មឡើងថ្លៃ ប៉ុន្តែតម្លៃអគ្គិសនីនៅដដែល ធ្វើឱ្យមានបញ្ហាដល់លំហូរសាច់ប្រាក់ ហើយទិន្នផលក៏នឹងអាចទទួលរងផលប៉ះពាល់នៅឆ្នាំក្រោយទៀតដែរ។
ជាគោលការណ៍ ប្រសិនបើថ្លៃអគ្គិសនីត្រូវបានដំឡើងត្រឹមពី ៣% ទៅ ៥% នោះគឺក្រុមហ៊ុនរដ្ឋវៀតណាមនេះ អាចសម្រេចដោយខ្លួនឯងបាន។ ប៉ុន្តែបើត្រូវដំឡើងចាប់ពី ៥% ទៅ ១០% ត្រូវមានការយល់ព្រមពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងដំឡើងចាប់ពី ១០% ទៅ គឺត្រូវមានការយល់ព្រមពីនាយករដ្ឋមន្រ្តីជាមុនសិន។
លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានថ្លែងកាលពីថ្ងៃទី១ ខែធ្នូកន្លងទៅថា ថ្លៃដើមផលិតអគ្គិសនី បានកើនឡើង ដូច្នេះតម្លៃអគ្គិសនីក៏នឹងត្រូវឡើងថ្លៃផងដែរ ប៉ុន្តែក្នុងកម្រិតណានោះ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។
សូមជម្រាបដែរថា អតិផរណានៅក្នុងប្រទេសវៀតណាម ត្រូវបានរំពឹងថា នឹងនៅតែស្ថិតក្រោមគោលដៅ ៤% របស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២២នេះ។ ប៉ុន្តែ ប្រទេសអាស៊ានមួយនេះ បានប្រុងជើងការរួចហើយ បន្ទាប់ពីសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ បានកើនឡើងលឿនជាង ៤% នៅក្នុងខែវិច្ឆិកាកន្លងទៅ៕
អត្ថបទ នៅ សំភី