ក្រុមហ៊ុនកុំព្យូទ័រ Dell

ក្រុមហ៊ុនកុំព្យូទ័រ Dell នឹងលែងប្រើឈីបផលិតនៅចិនត្រឹមឆ្នាំ២០២៤ ក្រោយរងសម្ពាធពីសង្គ្រាមបច្ចេកវិទ្យាអាមេរិក-ចិន


សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិនកំពុង បង្ខំឲ្យក្រុមហ៊ុនផលិតកុំព្យូទ័រយក្សអាមេរិក Dell គ្រោងនឹងបញ្ឈប់ការប្រើប្រាស់ឈីប ដែលផលិតនៅប្រទេសចិន ត្រឹមឆ្នាំ២០២៤ និងបានប្រាប់ទៅអ្នកផ្គត់ផ្គង់របស់ខ្លួន ឱ្យកាត់បន្ថយការផលិតគ្រឿងបង្គុំនៅក្នុងប្រទេសនេះផងដែរ។ គម្រោងនេះ ធ្វើឡើងដើម្បីស្វែងរកទីតាំងផ្គត់ផ្គង់ឈីបផ្សេងចេញពីប្រទេសចិន ដើម្បីធានាដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ដកស្រង់ចេញពីប្រភពដែលដឹងរឿងនេះ។
Dell នឹងមិនប្រើឈីបដែលផលិតនៅចិន សម្រាប់ផលិតផលរបស់ខ្លួនទៀតឡើយ

ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដ៏​ធំបំផុត​ទី៣ក្នុងពិភពលោក Dell បាន​ប្រាប់​ទៅ​អ្នកផ្គត់ផ្គង់​កាលពីចុងឆ្នាំ​កន្លងទៅ​ថា ខ្លួន​​នឹង​បន្ទាប​ចំនួន​ការប្រើប្រាស់​ឈីប​ ដែល​ផលិត​នៅ​ប្រទេសចិន ពោលគឺ​មិនថា​ជាក្រុមហ៊ុនចិន ឬក្រុមហ៊ុនបរទេស​​ដែល​ផលិត​នៅចិននោះទេ។

គោលដៅ​របស់​ក្រុមហ៊ុន Dell គឺ​ឈីប​ទាំងអស់ ​ដែល​ក្នុងផលិតផល​របស់ខ្លួន គឺត្រូវតែផលិតនៅក្រៅប្រទេសចិន ត្រឹមឆ្នាំ​២០២៤។

ផែនការ​នេះ ​គឺ​ជាឧទាហរណ៍​ថ្មីមួយទៀត ដែល​បង្ហាញថា សង្គ្រាម​បច្ចេកវិទ្យា​​រវាង​អាមេរិក និងចិន កំពុង​ធ្វើឱ្យក្រុមហ៊ុន​ធំៗ​​ស្វែង​រកទីតាំងផលិត​ក្រៅពីប្រទេសចិន​ជាបន្តបន្ទាប់។

បើតាម​ក្រុមហ៊ុន Dell ឱ្យដឹងថា ខ្លួន​កំពុងបន្ត​ការរុករក​​​នូវប្រភព​ផ្សេងៗ​នូវខ្សែ​ចង្វាក់ផលិត​កម្ម​នៅជុំវិញពិភពលោក ដើម្បី​ផ្តល់ការជឿជាក់​​ដល់​អតិថិជន និងក្រុមហ៊ុន​ខ្លួន។ ទោះយ៉ាងណា​ ក្រុមហ៊ុន Dell នៅតែចាត់ទុក​ចិន​ថា ជាទីផ្សារ​សំខាន់មួយ​​ដដែល ហើយ​ក៏មិន​បាន​លម្អិតពីការស្វែងរកទីតាំង​ផ្សេង​ក្រៅ​ពី​ប្រទេសនេះដែរ។

គួរដឹងដែរថា ក្រុមហ៊ុនកុំព្យូទ័រ​​អាមេរិកមួយទៀត ដែល​ជាគូប្រជែងនឹង Dell គឺ HP ក៏ចាប់ផ្តើម​ប្រាប់ឱ្យអ្នកផ្គត់ផ្គង់​របស់ខ្លួន​​ត្រៀមរើ​​ផលិតកម្ម​ចេញពី​​ប្រទេសចិនផងដែរ។

លោក Eddi Han អ្នកវិភាគ​មួយរូប​នៅ​ក្រុមហ៊ុន​​ស្រាវជ្រាវ Isaiah បាន​និយាយថា ការកើនឡើង​នូវ​ភាព​តានតឹង​​ភូមិសាស្រ្ត​នយោបាយ​​រវាង​អាមេរិក និងចិន គឺ​ជាមូលហេតុ​​ដ៏ធំមួយ ​ដែល​ក្រុមហ៊ុនផលិត​គ្រឿង​អេឡិចត្រូនិក ស្វែងរកការបង្កើតរោងចក្រ​​នៅក្រៅ​ប្រទេសចិន។ ជាក់ស្តែង​ គេបានឃើញ​រួចមកហើយ​​មាន​ដូចជា​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន​ធំៗជាច្រើនទៀត។

សូមជម្រាប​ថា ថ្មីៗនេះក្រុមហ៊ុន Apple បានដក​ការផលិតកុំព្យូទ័រ MacBook របស់ខ្លួនមួយចំនួនពីរោងចក្រ​របស់​ក្រុមហ៊ុន Foxconn នៅប្រទេសចិន ដើម្បីរើទៅផលិត​នៅប្រទេស​វៀតណាមវិញ ដោយអាចនឹងចាប់ផ្តើម​ផលិត​នៅអំឡុង​ខែ​ឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ Apple ក៏កំពុងសម្លឹងឃើញ​ការរើ​ផលិតកម្ម iPad ពីចិន ទៅកាន់ប្រទេសឥណ្ឌាបន្ថែមទៀតដែរ បន្ទាប់ពី iPhone ដោយសារមាន​ការបារម្ភ​ខ្សែចង្វាក់ផ្គត់ផ្គង់​របស់ខ្លួន​នៅក្នុងប្រទេសចិន។

បើតាម​ការចុះផ្សាយ​របស់ Business Insider បាន​ឱ្យដឹងថា ដោយសារភាពតានតឹង​ជាមួយអាមេរិក និងជំងឺ​រាតត្បាត​កូវីដ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ បាននឹងកំពុងធ្វើឱ្យប្រទេសចិន បាត់បង់តំណែង​ជាមជ្ឈមណ្ឌល​ខ្សែចង្វាក់ផ្គត់ផ្គង់​សកល​ជាបណ្ដើរៗ​ហើយ ដោយ​ប្រទេស​ដែល​អាចចូល​ខ្លួន​មកជំនួស​តំណែងចិននោះ អាចមានដូចជា ឥណ្ឌា វៀតណាម ថៃ ម៉ាឡេស៊ី និងបង់ក្លាដែសជាដើម៕




អត្ថបទបន្ទាប់


ប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាល នៅឆ្នាំ២០២២ មាន១៣៧លានប្រតិបត្តិការ កើនជាង៧៧%

ព័ត៌មាន
ការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកំពុងមានការពេញនិយម និងរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយ…

មេដឹកនាំហ្វីលីពីន រកបានគម្រោងនិយោគទុនតម្លៃជាង២០ពាន់លានដុល្លារ ក្រោយទស្សនកិច្ចបីថ្ងៃនៅប្រទេសចិន

ព័ត៌មាន
ការិយាល័យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សទី៥មករា ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Ferdinand Marcos ទៅកាន់ប្រទេសចិន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ