ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា អគ្គលេខាបក្ស និងប្រធានាធិបតីវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានប្រកាសពីការលើកកម្ពស់កម្រិតទំនាក់ទំនងវៀតណាម-បារាំង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនាំឲ្យបារាំងក្លាយជាប្រទេសដំបូងគេនៅសហភាពអឺរ៉ុប ដែលអាចបង្កើតភាពជាដៃគូនេះជាមួយរដ្ឋកុម្មុយនីស្តមួយនេះនៅ អាស៊ាន។
នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ភាគីទាំងពីរ ក៏បានតម្រឹមទិសដៅ និងវិធានការសំខាន់ៗ ដើម្បីធានាភាពជាដៃគូនេះឱ្យកាន់តែស៊ីជម្រៅ និងក្លាយជាការអនុវត្តជាក់ស្តែងបន្ថែមទៀត ដែលសមស្របនឹងបរិបទថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-បារាំង។
លោក តូ ឡឹម បានអបអរសាទរចំពោះប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ និងជាពិសេសកិច្ចប្រជុំកំពូល Francophonie លើកទី១៩ នៅក្នុងខែតុលា។
ដោយឡែកលោក ម៉ាក្រុង បានវាយតម្លៃខ្ពស់នៃវត្តមានលោក តូ ឡឹម នៅបារាំងដោយសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រមុខរដ្ឋវៀតណាម មកកាន់ប្រទេសបារាំង ក្នុងរយៈពេល២២ ឆ្នាំ។ លោកបានថ្លែងអំណរគុណចំពោះការចូលរួមរបស់វៀតណាម នៅឯកិច្ចប្រជុំកំពូល Francophonie និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ហើយបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ដែលវៀតណាម បានទទួលរងដោយសារព្យុះទីហ្វុង យ៉ាជី នាពេលថ្មីៗនេះ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខដោយសង្កត់ធ្ងន់ថា វាជាសសរស្ដម្ភសំខាន់នៃភាពជាដៃគូ ហើយបានប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលមានស្រាប់ ក៏ដូចជាឆាប់រៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម-បារាំង ដោយរួមទាំងការជួយបណ្តុះបណ្តាលនាយទាហាន ចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងត្រួតពិនិត្យឧក្រិដ្ឋកម្ម ក៏ដូចជាបង្ហាញការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខពិភពលោក និងតំបន់។
មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងការងាររួមគ្នានៅក្នុងផ្នែកនៃការរួមបញ្ចូលគ្នាដ៏មានសក្តានុពល និងអ្នកជំនាញបារាំង រួមទាំងហេដ្ឋារចនាសម្ព័ន្ធ លំហអាកាស វិទ្យាសាស្ត្របច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ថាមពលអ៊ីដ្រូសែន បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាស ក៏ដូចជាធនធានមនុស្ស៕
ដោយៈ សរ សុជាតិ