ប្រទេសវៀតណាម

កត្តាអ្វីខ្លះ អាចនឹងជំរុញឲ្យវិស័យអចលនទ្រព្យរបស់វៀតណាមនឹងងើបឡើងវិញនៅក្នុងឆមាសទី២?


ធនាគាររដ្ឋវៀតណាមបានបញ្ចុះអត្រាការប្រាក់គោលចំនួន៤ដង ដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ធនាគារពាណិជ្ជនានានៅក្នុងប្រទេស ដែលមានប្រជាជនប្រហែល ១០០ លាននាក់នេះ។ ការសម្រេចបែបនេះមានគោលបំណងកំណត់អត្រាការប្រាក់កម្ចីឱ្យធូរជាងមុនសម្រាប់អ្នកដែលត្រូវការប្រាក់យកទៅទិញផ្ទះ ក៏ដូចជាសម្រាប់សហគ្រាសអាជីវកម្មនានាដែរ។ ទីផ្សារអចលនទ្រព្យក្នុងស្រុកត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញនៅឆមាសទីពីរនៃឆ្នាំនេះ ដោយសារគោលនយោបាយដែលបានដាក់ចេញ ។
វៀតណាមដាក់ចេញផែនការជំរុញវិស័យអចលនទ្រព្យឲ្យងើបឡើងវិញនៅឆមាសទី២

រដ្ឋាភិបាលវៀតណាមបានធ្វើការសម្រេចចិត្តជាច្រើនដើម្បីជួយដោះស្រាយបញ្ហានានានៅក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសគឺទាក់ទងនឹងឧបសគ្គពាក់ព័ន្ធនឹងបញ្ហាដើមទុន ក៏ដូចជានីតិវិធីច្បាប់សម្រាប់គម្រោងអចលនទ្រព្យនានា ដែលកំពុងតែនៅទ្រឹងក្នុងប្រទេសនេះ។

យោងតាមតាមសេចក្តីរាយការណ៍របស់ Vietnam News, លោក ខាន វាន់ ឡាក់ (Cấn Văn Lực) សមាជិកក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុជាតិ បានព្យាករថា វិស័យអចលនទ្រព្យវៀតណាមត្រូវការរង់ចាំរហូតដល់ត្រីមាសទី៤នៃឆ្នាំ២០២៣ ដើម្បីមើលឃើញផ្លូវកាន់តែច្បាស់ ឆ្ពោះទៅរកការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ ស្របតាមគោលនយោបាយដែលបានចេញ។

លោកបានអះអាងថា នៅឆមាសទីពីរនៃឆ្នាំនេះ វៀតណាមចាំបាច់ត្រូវបង្កើនល្បឿននៃការស្ដារវិស័យអចលនទ្រព្យឡើងវិញ ដោយពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ, អនុវត្តកម្មវិធីស្តារនីតិសម្បទា និងអភិវឌ្ឍលំនៅដ្ឋានសង្គមកិច្ច ក៏ដូចជាលំនៅឋានសម្រាប់កម្មករ។ អាជ្ញាធរក៏ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងការផ្គត់ផ្គង់និងតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យដែរ។

សមាជិកក្រុមប្រឹក្សាគោលនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុជាតិវៀតណាមរូបនេះ បានថ្លែងទៀតថា បន្ថែមពីលើការធ្វើចំណាត់ថ្នាក់គម្រោងអចលនទ្រព្យដើម្បីមានលទ្ធភាពទទួលបានឥណទានសមស្រប និងគោលនយោបាយទុននិងហិរញ្ញវត្ថុ, អាជ្ញាធរត្រូវការកម្មវិធីពន្ធសមរម្យ ហើយលើកកម្ពស់ការទូទាត់មិនប្រើក្រដាសប្រាក់នៅក្នុងប្រតិបត្តិការទាក់ទងនឹងអចលនទ្រព្យ។

ទន្ទឹមនឹងនេះ សហគ្រាសអចលនទ្រព្យត្រូវការមានផែនការជាក់លាក់និងអាចធ្វើបាន ដើម្បីសងសញ្ញប័ណ្ណសារជីវកម្មដែលដល់ពេលកំណត់ ជាពិសេសក្នុងឆ្នាំ២០២៣-២០២៤។

យោងតាមលោក ខាន វាន់ ឡាក់, ក្រៅពីឥណទានធនាគារ មានបណ្ដាញជាច្រើនទៀតដែលអនុញ្ញាតឱ្យគេចល័តដើមទុនបាន ដូចជាសញ្ញាប័ណ្ណ ភាគហ៊ុន មូលនិធិវិនិយោគ និងឥណទានវិនិយោគអចលនទ្រព្យ និងភតិសន្យាហិរញ្ញវត្ថុជាដើម។

លោក ឃ្វៀន វូ ( Nguyễn Vũ ) នាយកមជ្ឈមណ្ឌលគម្រោងអចលនទ្រព្យ ដែលមានឈ្មោះថា លំនៅដ្ឋានថ្មី បាននិយាយថា ទីផ្សារនឹងមានដំណើរការល្អប្រសើរនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៣ ឬនៅត្រីមាសទី ២ ឆ្នាំ ២០២៤ ប្រសិនបើគោលនយោបាយរបស់រដ្ឋាភិបាលលើការគាំទ្រទីផ្សារអចលនទ្រព្យមានផលវិជ្ជមានពិតប្រាកដ។

ចំពោះលោក ផាន អញខយ (Pham Anh Khôi) សមាជិកក្រុមស្រាវជ្រាវទីផ្សារនៃសមាគមឈ្មួញជើងសាអចលនទ្រព្យវៀតណាមវិញ, នៅក្នុងឆមាសទី២ វៀតណាមអាចមានសេណារីយ៉ូពីរទាក់ទងនឹងទីផ្សារអចលនទ្រព្យ៖ ទី១ ប្រសិនបើទីផ្សារអចលនទ្រព្យនៅតែមានការលំបាក ហើយទំនុកចិត្តរបស់អ្នកវិនិយោគមិនត្រូវបានស្តារឡើងវិញទេ វាអាចទៅរួចដែលថាដើមទុននឹងបន្តស្ថិតនៅក្នុងប្រព័ន្ធធនាគារ ទោះបីជាអត្រាការប្រាក់លើប្រាក់បញ្ញើមានកម្រិតទាបក៏ដោយ ហើយទី២ ប្រសិនបើអត្រាការប្រាក់បញ្ញើធ្លាក់ចុះមកត្រឹម ៦ភាគរយ ទៅ ៧ភាគរយនៅចុងឆ្នាំនេះ ឬសូម្បីតែមិនថយចុះនោះ ក៏ដើមទុនដែលបានមកពីប្រាក់បញ្ញើនឹងទំនងជាត្រឡប់ទៅទីផ្សារអចលនទ្រព្យវិញ នៅពេលដែលទំនុកចិត្តរបស់អ្នកទិញត្រូវបានធ្វើឱ្យប្រសើរឡើង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអះអាងអ្វីខ្លះអំពី ជំនួបពិភាក្សា១០ម៉ោងជា មួយមន្ត្រីជាន់ខ្ពស់ចិនកាលពីសប្ដាហ៍មុន?

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីរយៈពេល ១០ ម៉ោងជាមួយមន្ត្រីជាន់ខ្ពស់ចិនកាលពីសប្ដ…

បំណុលគ្រួសារនៅថៃកើនដល់ជាង៩០% នៃGDP ចំពេលមានក្ដីបារម្ភអំពីភាពជាប់គាំងផ្នែកគោលនយោបាយ

បំណុលគ្រួសារនៅក្នុងប្រទេសថៃ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ បានកើនដល់ប្រមាណ ៤៥៥ពាន់លានដុល្លារអាមេរិកហើយ ឬស្មើនឹងប្រមាណជាង ៩០% នៃទំហំផលិតផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ