វិស័យទេសចរណ៍ឆ្នាំ២០១៩

វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០១៩ ទទួលរងគ្រោះអ្វីខ្លះ?


បើសិនជានិយាយអំពី វិស័យទេសចរណ៍នៅកម្ពុជា គឺថា ម្នាក់ៗសុទ្ធតែនឹកឃើញដល់ តំបន់អង្គរវត្ត មុនគេដោយសារតែ តំបន់បេតិកភណ្ឌជាតិមួយនេះ បានផ្តល់ចំណូលជូនរដ្ឋ យ៉ាងច្រើនសន្ធឹក តែយ៉ាងណាក៏ដោយ អ្វីៗមិននៅស្ថិតស្ថិរនោះទេ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា វិស័យទេសចរណ៍កម្ពុជា មិនមែនពឹងលើតែ ប្រាសាទអង្គរវត្ត ឬប្រាសាទដទៃនោះទេ ពោលគឺ កម្ពុជា កំពុងកែច្នៃតំបន់ទេសចរណ៍ចម្រុះបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តបានកាន់តែច្រើន។
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត រូបភាព៖ ហេង ភារម្យ

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ នាឱកាសពិធី​បុណ្យសមុទ្រ ឆ្នាំ២០១៩ នៅខេត្តកំពត កាលពីពេល​កន្លងទៅថ្មីៗនេះថា កម្ពុជា មិនមែនធ្វើ​សេដ្ឋកិច្ច ដោយផ្អែកលើ​វិស័យណាមួយ​នោះទេ គឺត្រូវពឹងផ្អែក​លើគ្រប់វិស័យ ហើយក្នុងនោះ មានវិស័យ​ទេសចរណ៍ ជាមាសបៃតង ដែល​កំពុងក្លាយ​ទៅជាការពិត ខណៈកំណើនសេដ្ឋកិច្ច​របស់កម្ពុជា​មានមួយភាគ បានមកពីផ្នែក​សេវានេះតែម្តង។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ក្នុងមួយឆ្នាំៗ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្ត​នៅក្នុង​ប្រទេសកម្ពុជា មានកើនឡើង​ជាបន្ដបន្ទាប់ ហើយនៅក្នុង​ឆ្នាំ ២០១៩ កម្ពុជា រំពឹងនឹងទទួលបាន​ភ្ញៀវទេសចរណ៍​ប្រមាណ ៦,៦ លាននាក់។

បើយើងមើលពី ចំណូល​បានមកពី ការលក់សំបុត្រ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ គិតត្រឹមរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ គឺមានការធ្លាក់ចុះ​ប្រមាណ ១៤ភាគរយ ពោលគឺ ធ្លាក់មកនៅ ៨៩លានដុល្លារ​អាមេរិក ក្នុងនោះ ភ្ញៀវទេសចរ​បរទេសជាង​ ១,៩ លាននាក់ បានទិញសំបុត្រ​ចូលទស្សនា ដែលតួលេខនេះ មានការធ្លាក់ចុះ​ប្រមាណ ១៤ភាគរយ បើធៀប​នឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៨។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ្រឹះស្ថានអង្គរ។

បើយោងតាមរបាយការណ៍​របស់​ក្រសួងទេសចរណ៍ បានបង្ហាញ​ឲ្យដឹងថា វិស័យទេសចរណ៍​នៅកម្ពុជា នៅតែរក្សា​បាននូវភាព​ទាក់ទាញ សម្រាប់ភ្ញៀវ​ទេសចរបរទេស គិតត្រឹមរយៈពេល ១០ខែ ដើមឆ្នាំ​២០១៩នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៥,២ លាននាក់ ដែលមានកំណើន ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ហើយនៅក្នុងនោះ ចំនួនភ្ញៀវទេសចរ​ចិន បន្តកើនឡើង​ដល់ជាង ២លាននាក់ ដែលមាន​កំណើន ២៤ភាគរយ ឈរលើកំពូល​តារាងតែម្តង។

អ្វីដែលគួរឲ្យ​កត់សម្គាល់គឺ ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរ​តាមផ្លូវអាកាស​មកកាន់ តំបន់មាត់​សមុទ្រ​កម្ពុជា មានជាង ១លាននាក់ កើនឡើងជាង ៤២ភាគរយ ខណៈដែល​ការធ្វើដំណើរ​ទៅកាន់ ខេត្តសៀមរាប មានជាង ១,៨ លាននាក់ ធ្លាក់ចុះប្រមាណ ១៣ភាគរយ ធៀប​នឹងរយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០១៨។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏បានបញ្ជាក់ ក្នុងពិធី​បើកវេទិកា​វិនិយោគលើ វិស័យទេសចរណ៍​នៅកម្ពុជា​លើកទី ២ ឲ្យបានដឹងថា ក្រៅពីតំបន់​សៀមរាបអង្គរ ដែលជា​តំបន់​បេតិកភណ្ឌ​វប្បធម៌ កម្ពុជា ក៏មានតំបន់​ឆ្នេរសមុទ្រ និងតំបន់​អេកូទេសចរណ៍​ជាច្រើន​កន្លែង​ទៀតនៅ​ទូទាំងប្រទេស ដែលតំបន់​ទាំងអស់នេះ មានសក្តានុពល​សម្រាប់ធ្វើការ​វិនិយោគ​ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម បន្ថែមថា យោងតាមទិន្នន័យ​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ការវិនិយោគពី ឆ្នាំ ២០១៦ដល់​ខែសីហា ឆ្នាំ២០១៩ មាន ៨១៣គម្រោង មានទុនវិនិយោគ​សរុបប្រមាណជាង ២២ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះគម្រោង​ទេសចរណ៍ និងផ្នែកពាក់ព័ន្ធ មានចំនួន ៣៨គម្រោង ដែលមានទុន​វិនិយោគ​ប្រមាណជាង ៩ពាន់លានដុល្លារអាមេរិក។

បើតាមរបាយការណ៍​ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ហៅកាត់ថា ​​CDC បានបង្ហាញថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ គម្រោងវិនិយោគ​ដែលត្រូវបាន​អនុម័ត មានចំនួន ២៦៨គម្រោង​ដែលមានទុន​វិនិយោគ​សរុបជាង ៦,៨ ពាន់លានដុល្លារ​អាមេរិក ក្នុងនោះ វិស័យទេសចរណ៍ គឺមានតែ ១៨គម្រោង​ប៉ុណ្ណោះ តែមានទុនវិនិយោគ​សរុបជាង ៤,៨ ពាន់លាន​ដុល្លារអាមេរិក ដែលធ្វើឲ្យ​តួលេខនេះ​ វ៉ាដាច់វិស័យ​ផ្សេងៗតែម្តង ហើយការកើន​ឡើងដ៏លើស​លុបនៃ ទុនក្នុង​វិស័យ​ទេសចរណ៍នេះ​គឺដោយសារតែមាន គម្រោងវិនិយោគធំៗ​ជាច្រើន នៅតាមតំបន់​ឆ្នេរសមុទ្រ ហើយវានឹង​ត្រូវការ​ពេលវេលាច្រើន សម្រាប់ការ​អភិវឌ្ឍផងដែរ។

តាមការឲ្យដឹងពី ក្រសួងទេសចរណ៍ នៅឆ្នាំ ២០១៨ កម្ពុជា ទទួលបានភ្ញៀវទេសចរ​អន្តរជាតិជាង ៦,២ លាននាក់ កើនឡើង ១០% និងនាំមកនូវ​ប្រាក់ចំណូល​ប្រមាណ ៤,៣ ពាន់​លានដុល្លារ​អាមេរិក ដែលរួមចំណែក​ក្នុងផលិតផល​ក្នុងស្រុកសរុប (GDP) ប្រមាណ ១២ភាគរយ ហើយកម្លាំងពលកម្ម​បម្រើឲ្យវិស័យនេះ មានជាង ៦២ម៉ឺននាក់ ហើយនៅឆ្នាំ ២០១៩ កម្ពុជា រំពឹងទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦,៦លាននាក់ ហើយនៅឆ្នាំ ២០៣០ ប្រមាណ ១៥លាននាក់ ដោយរំពឹង​រកចំណូល​បានប្រមាណ​១០ពាន់លាន​ដុល្លារអាមេរិក  និងបង្កើត​ឱកាសការងារ​ប្រមាណ ២លានកន្លែង។

គួរជម្រាបដែរថា វិស័យទេសចរណ៍​នៅកម្ពុជា ក៏ទទួលបាននូវ​ការវាយតម្លៃ​ខ្ពស់ពី​សំណាក់​អង្គការ និងភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន ដោយផ្អែកទៅលើ​លទ្ធផលស្រាវជ្រាវ​ពី​ការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និងជាពិសេសគឺ បទពិសោធន៍​ជាក់ស្តែង ដែលភ្ញៀវទេសចរ​ទទួលបានពី ប្រទេសកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទុនវិនិយោគវិស័យសំណង់កម្ពុជាឆ្នាំ២០១៩ មានជាង៩ពាន់លានដុល្លារ កើន ៧៨%

ព័ត៌មាន
រយៈពេលពេញមួយឆ្នាំ២០១៩ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាក់ស្តែងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

ការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ កើនឡើងឬថយថុះ?

ព័ត៌មាន
ការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០១៩ ឃើញថា ការវិនិយោគលើគ្រប់វិស័យ រក្សាបាននូវ កំណើនខ្ពស់គួរឲ្យកត់សម្គាល់ ហើយស្របពេលជាមួយគ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ