
ប្រទេសវៀតណាម ដែលពឹងផ្អែកខ្លាំងលើការនាំចេញសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួននោះកំពុងប្រឈមនឹងពន្ធ៤៦% ពីសហរដ្ឋអាម៉េរិក ប្រសិនបើប្រទេសនេះមិនអាចចរចាជាមួយអាម៉េរិក ដើម្បីកាត់បន្ថយអត្រាពន្ធឱ្យបានមុនពេលអាម៉េរិកចាប់ផ្ដើមអនុវត្តពន្ធនេះនៅត្រឹមខែកក្កដា ទេនោះ។
ទោះជាយ៉ាងណាក៏ដោយ មុនចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ បានប្រាប់សមាជិកសភានៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា វៀតណាមនឹងនៅតែរក្សាគោលដៅកំណើនសេដ្ឋកិច្ចក្នុងអត្រា៨%ដដែល ហើយថា វៀតណាមបានរក្សាភាពស្ងាត់ស្ងៀម និងភាពក្លាហាន និងបានចាត់វិធានការសមស្របមួយចំនួនផងដែរ។
លោកបានបន្ថែមថា វៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលអាម៉េរិក បានយល់ព្រមចរចាលើបញ្ហាពន្ធបដិការ ដែលដាក់ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយកិច្ចចរចាលើកដំបូងនេះនឹងធ្វើឡើងនៅថ្ងៃពុធ សប្ដាហ៍នេះ។
នាយករដ្ឋមន្ត្រីរូបនេះ បានអះអាងផងដែរថា រដ្ឋាភិបាលវៀតណាម បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមចរចា និងភ្នាក់ងារពាក់ព័ន្ធ ដើម្បីបញ្ចប់ជាបន្ទាន់នូវផែនការ ដើម្បីត្រៀមខ្លួនសម្រាប់ការចរចាជាមួយនឹងសហរដ្ឋអាម៉េរិក។
លោក ផាម មិញជិញ បានសង្កត់ធ្ងន់ថា ការដាក់ពន្ធគយរបស់អាម៉េរិកកំពុងគំរាមកំហែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងសេដ្ឋកិច្ចពិភពលោក ហើយប្រទេសវៀតណាមដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងតំបន់សម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើន មានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក ជាង១២៣ពាន់លានដុល្លារ៕
ដោយ៖ សុខ មង្គល