
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus កាលពីថ្ងៃទី៥ ខែសីហា បានឱ្យដឹងថា សមាគមអ្នកនាំចេញអង្ករថៃ បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី១របស់ពិភពលោកនាំចេញអង្ករបានច្រើនជាងគេបង្អស់ក្នុងចំនួនជាង១១លានតោនកើនឡើងជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់មកប្រទេសវៀតណាម នាំចេញអង្ករបានប្រមាណ ៥,៥លានតោន គិតជាទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិកមានការកើនឡើងជិត៤%។
ទន្ទឹមនឹងនេះ ប្រទេសថៃ នាំចេញអង្ករបានចំនួនជាង៣លាន៧សែនតោនដោយធ្លាក់ចុះជាង២៧% ខណៈប៉ាគីស្ថាន នាំចេញអង្ករបានជិត៣លានតោន ធ្លាក់ចុះ២០% ហើយសហរដ្ឋអាម៉េរិក នាំចេញអង្ករបានចំនួន១លាន៤សែនតោន ធ្លាក់ចុះជាង២៣%។
សូមបញ្ជាក់ថា កត្តាចម្បងដែលធ្វើឱ្យវៀតណាម ជែងឈ្នះថៃ ក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទី២របស់ពិភពលោក គឺដោយសារការនាំចេញអង្កររបស់វៀតណាម បានកើនឡើង ហើយនោះក៏ព្រោះតែអង្ករវៀតណាម មានគុណភាពអាចទទួលយកបាន ហើយតម្លៃសមរម្យបើធៀបទៅនឹងអង្កររបស់ប្រទេសផ្សេងៗ។ ទិន្នន័យបង្ហាញថា អង្កររបស់វៀតណាម លក់ជាមធ្យមក្នុងមួយតោន៥១៤ដុល្លារអាម៉េរិក ដែលទាបជាងឆ្នាំ២០២៤ រហូតដល់ទៅ ជាង១៨%៕
ដោយ: តែម សុខុម