បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express លោក លី ឆុក ហ៊ុង (Ly Quoc Hung) ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានគូសបញ្ជាក់ថា បើយោងតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ រោងចក្រថាមពលនុយក្លេអ៊ែមួយដែលមានម៉ាស៊ីនរ៉េអាក់ទ័រចំនួនពីរ ជាធម្មតាត្រូវការបុគ្គលិកចន្លោះពី៦០០នាក់ ទៅ១,២០០នាក់ ហើយត្រូវការចាំបាច់នូវមនុស្ស៣៥០នាក់ទៀត ដែលមានជំនាញខាងការអភិវឌ្ឍនុយក្លេអ៊ែ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
ការលើកឡើងពីកង្វះកម្មកររបស់វៀតណាមនេះ ធ្វើឡើងបន្ទាប់ពីសភាវៀតណាម បានអនុម័តកាលពីខែវិច្ឆិកា ឆ្នាំមុន ឱ្យស្ដារឡើងវិញនូវកម្មវិធីនុយក្លេអ៊ែ ដែលបានបោះបង់ចោលអស់រយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ ខណៈថាមពលនុយក្លេអ៊ែនេះត្រូវបានគេរំពឹងថានឹងជួយឱ្យវៀតណាមធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន ធានាសន្តិសុខថាមពល និងសម្រេចបានគោលដៅគ្មានកាបូនទាំងស្រុងនៅត្រឹមឆ្នាំ២០៥០។
ប៉ុន្តែបើតាមរបាយការណ៍របស់នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កង្វះកម្លាំងពលកម្ម ជាពិសេសអ្នកវិទ្យាសាស្ត្រ កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់វៀតណាម ក្នុងការអនុវត្តគម្រោងនេះ ស្របពេលចំនួនសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែនៅមានកម្រិត គួបផ្សំសម្ភារបរិក្ខារ និងឧបករណ៍សម្រាប់បង្រៀន និងស្រាវជ្រាវហួសសម័យ។
ក្រោយមានផែនការស្តារគម្រោងថាមពលនុយក្លេអ៊ែនេះឡើងវិញនៅឆ្នាំ២០១០ រដ្ឋាភិបាលវៀតណាមគ្រោងបណ្តុះបណ្តាលវិស្វករឱ្យបានចំនួន២,៤០០នាក់ និងនិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតជំនាញថាមពលនុយក្លេអ៊ែចំនួន៣៥០នាក់ ក្នុងនោះគ្រោងបញ្ជូនទៅបណ្តុះបណ្តាលនៅបរទេសចំនួន១៣%។ វិស្វករអគ្គិសនីវៀតណាមចំនួន៥៥នាក់ ត្រូវបានបញ្ជូនទៅសិក្សានៅរុស្ស៊ី និងជប៉ុន ប៉ុន្តែពួកគេភាគច្រើនបានលាឈប់ពីក្រុមហ៊ុនរបស់រដ្ឋ និងផ្លាស់ប្តូរទៅយកជំនាញផ្សេង បន្ទាប់ពីកម្មវិធីនេះត្រូវបានបោះចោលវិញក្នុងឆ្នាំ២០១៦៕
អត្ថបទ៖ សុខ មង្គល