ក្រុមហ៊ុនអាមេរិកនៅហុងកុង

ក្រុមហ៊ុនអាមេរិករកស៊ីនៅហុងកុង នឹងត្រូវរដ្ឋាភិបាលអាមេរិកព្រមានពីហានិភ័យប្រតិបត្តិការ


សហរដ្ឋអាមរិកនឹងចេញមុខព្រមានក្រុមហ៊ុនអាមេរិកទាំងឡាយណាដែលមានប្រតិបត្តិការអាជីវកម្មនៅហុងកុង អំពីហានិភ័យដែលខ្លួនអាចប្រឈមមុខក្នុងដំណើរការអាជីវកម្មក្នុងតំបន់ស្វយ័តពិសេសហុងកុងមួយនេះ បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុងដែលបង្កើតឡើងដោយរដ្ឋាភិបាលចិន កំពុងត្រូវបានគេយកមកប្រើប្រាស់ យ៉ាងផុសផុលនៅមួយរយៈពេលចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bloomberg ។
ក្រុមហ៊ុនអាមេរិករកស៊ីនៅហុងកុង នឹងត្រូវរដ្ឋាភិបាលអាមេរិកព្រមានពីហានិភ័យប្រតិបត្តិការ

ហានិភ័យ​មួយ​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​គ្រោង​នឹង​ចេញ​មុខ​មក​ធ្វើការ​ព្រមាន​នោះ​មាន​ដូច​ជា លទ្ធភាព​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ប្រមូល​យក​ទិន្នន័យ​របស់​ក្រុមហ៊ុន សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ណា​ដែល​រក្សា​ទុក​ទិន្នន័យ​ទាំងនោះ​នៅ​ហុងកុង​។

ចំណែកឯ សារព័ត៌មាន​ដ៏​ធំ​របស់​អា​មេ​រិ​ក Financial Times ក៏​បាន​ចុះ​ផ្សាយ​ស្រ​ដៀង​គ្នា​ដែរ​ថា ការ​ព្រមាន​នេះ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ការ​ផ្តល់​យោបល់ និង ដាស់តឿន​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​ហុងកុង​។

គួរ​កត់​សម្គាល់ថា ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រភព​សេត​វិមាន​អា​មេ​រិ​ក​ជុំវិញ​ការ​ព្រមាន​លើ​បញ្ហា​ហុងកុង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន ព្យាយាម​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​របប​ក្រុង​ប៉េ​កាំ​ង ស្រប​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​បច្ចេកវិទ្យា និង​ជា​ពិសេស​សង្គ្រាមពាក្យសម្តី​របស់​មហា​យក្ស​ទាំង​ពីរ​កំពុង​បន្ត​ឆេះឆួល​ឡើង​កាន់តែ​ខ្លាំង​។

បញ្ហា​ក្រុង​ហុងកុង ក៏​ជា​ប្រធានបទ​ក្តៅ​មួយ​ផង​ដែរ សម្រាប់​រដ្ឋបាល​លោក​ចូ​បៃ​ឌិន ដែល​តែងតែ​លើកយក​មក​ដាក់​សម្ពាធ​លើ​ក្រុង​ប៉េ​កាំ​ង​ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​ជាដើម ជា​ពិសេស​បន្ទាប់​ពី​ចិន​បាន​បង្កើត​ឡើង​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​កាលពី​ឆ្នាំ​២០២០ ដែល​ផ្តល់​សិទ្ធិ​កាន់តែ​ច្រើន​ឲ្យ​ក្រុង​ប៉េ​កាំ​ង លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​ការ​គ្រប់គ្រង​តំបន់​ស្វយ័ត​ពិសេស​ហុងកុង​មួយ​នេះ​។

កន្លង​មក​ជា​រឿយ​ៗ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​សេត​វិមាន​អា​មេ​រិ​ក តែងតែបាន​ក្រើនរំឭក​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំងឡាយ អំពី​ផល​លំបាក​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​មួយ​នេះ​។ អ្នកជំនាញ​ក៏​បាន​ព្រមាន​ដែរ​ថា អា​មេ​រិ​ក​អាច​នឹង​អនុវត្ត​តាម​ការ​សម្រេចចិត្ត​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ កាលពី​ឆ្នាំ​មុន​ក្នុង​ការ​កាត់​ផ្តាច់​សិទ្ធិ​ពិសេស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​។

បើ​មានការ​ដកសិទ្ធិ​ពិសេស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​នេះ​ម្តងទៀត​មែន វា​អាច​បង្ក​ជា​ក្តី​អន្តរាយ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​រវាង​ហុងកុង និង​សហរដ្ឋអាមេរិក​។ មួយវិញទៀត ប្រជាជន​ហុងកុង​ក៏​អាច​នឹង​ត្រូវ​លែង​ផ្តល់​សិទ្ធិ​ពិសេស​ជាង​ប្រជាជន​ចិនដីគោក​ដែរ ក្នុង​ការ​ចូល​ទៅ​វិនិយោគ​ក្នុង​ទឹកដី​អា​មេ​រិ​ក​ក្នុង​ពេល​អនាគត​។

គួរ​ជម្រាប​ថា កាលពី​ពេល​ថ្មី​នេះ សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន បាន​ចេញផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ដូច​ជា ហ្គូ​ហ្គ​ល (Google) ហ្វេ​ស​ប៊ុ​ក (Facebook) និង ធ្វី​ត​ធឺ (Twitter) ជាដើម អាច​នឹង​បញ្ឈប់​ប្រតិបត្តិការ ព្រមទាំង​ឈប់​ផ្តល់​សេវាកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ក្រុង​ហុងកុង​តទៅ​ទៀត ក្រោយ​រដ្ឋាភិបាល​ចិន មាន​បំណង​ចង់​បន្ត​ផ្លាស់​ប្តូរ​ច្បាប់​ទាក់ទង​នឹង​ឯកជន​ភាព​សម្រាប់​ក្រុង​ហុងកុង​មួយ​បន្ថែម​ទៀត ពីលើ​ច្បាប់​ជា​ច្រើន​ដែល​ក្រុង​ប៉េ​កាំ​ង​បាន​និង​កំពុង​កែប្រែ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរីមួយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ 114 (ផ្លូវថៃហ្គ័រ) ប្រកាស​ផ្តល់​ប្រាក់​ចំណេញ​ខ្ទង់​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​របស់ខ្លួន...

ព័ត៌មាន
បច្ចុប្បន្ន កំណើន​ប្រជាជន​មករស់នៅ​ទីក្រុង​ភ្នំពេញ​កំពុងកើនឡើង​ជា​លំដាប់ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការកក​ស្ទះ​ចរាចរណ៍ និង​ធ្វើ​ឲ្យការរស់នៅ​មិន…

បំណុលប៉ោងឡើងខ្លាំង និងទុនបម្រុងថយចុះ កំពុងធ្វើឲ្យសេដ្ឋកិច្ចស្រីលង្កាជួបវិបត្តិកាន់តែខ្លាំង

ព័ត៌មាន
វិបត្តិកូវីដ-១៩ បាននិងកំពុងវាយសង្គ្រប់មកលើស្ថានភាពសេដ្ឋកិច្ច និង សង្គមទូទាំងពិភពលោក ដោយក្នុងនោះយើងក្រឡេកទៅមើលប្រទេសស្រីលង្កា ដែលជាប្រទេសម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ