សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនិងបូព៌ា

ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន ធនាគារពិភពលោកបន្ថយកំណើនសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនិងបូព៌ា


កំណើនសេដ្ឋកិច្ចក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក កំពុងទទួលរងសម្ពាធថ្មីចំនួន៣បន្ថែមទៀត ពីលើការព្យាយាមងើបឡើងវិញពីវិបត្តិកូវីដ១៩។ ក្នុងចំណោមហានិភ័យប្រឈមទាំង៣ ត្រូវបានធនាគារពិភពលោកផ្តោតការកត់សម្គាល់ខ្លាំងជាងគេទៅលើបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
WorldBank បង្កើនថវិកាវ៉ាក់សាំងកូវីដឲ្យដល់២០ពាន់លាន$

ក្រៅពីនោះក៏មានដែរ ការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក និងចុងក្រោយដោយសារវិធានការដ៏តឹងរឹងរបស់ចិន ដែលគេស្គាល់ថា គោលនយោបាយគ្មានកូវីដ១៩ ឬកូវីដស្មើសូន្យ ស្របពេលដែលកូវីដ១៩ កំពុងបោកបក់ម្តងទៀតនៅប្រទេសចិន។ នេះបើយោងទៅតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រចាំខែមេសា ចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី០៥ មេសា ឆ្នាំ២០២២។

របាយការណ៍​ដែល​ធនាគារពិភពលោក​ឲ្យ​ឈ្មោះ​ថា Braving the Storms ឬ​មាន​ន័យ​ជា​ខេមរភាសា​ថា ជម្នះ​ព្យុះ​ព្យោមា បាន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អាស៊ី​បូព៌ា ពី ៥,៤% កាលពី​ខែតុលា​ឆ្នាំ​២០២១ មក​នៅ​ត្រឹម​៥% ក្នុង​ខែមេសា​ឆ្នាំ​២០២២​នេះ​។ បន្ថែម​ពីលើ​នេះ ធនាគារពិភពលោក ព្រមាន​ថា កំណើន​អាច​ធ្លាក់​ចុះ​ដល់ ៤% ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​ៗ ហើយ​ការ​ឆ្លើយ​តប​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​ខ្សោយ និង​មិន​គ្រប់គ្រាន់​។ 

របាយការណ៍​ដដែល​បាន កត់សម្គាល់​ពី​បញ្ហា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​រុ​ស្ស៊ី ជា​កត្តា​ចំបង​ជាងគេ ដែល​បាន​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ទំនិញ ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​កើនឡើង និង​ជា​រួម​ធ្វើ​ឲ្យ​លទ្ធភាព នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ស្រុត​ចុះ​តែ​ម្តង​។ 

ផល​រំខាន​លើ​ការ​ផ្គត់ផ្គង់​ទំនិញ បាន​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ដែល​ជា​អ្នក​នាំ​ចូល​ស្បៀងអាហារ មានការ​ខាតបង់​ប្រាក់​ចំណូល ដោយសារ​តែ​គេ​ត្រូវ​ចំណាយ​លើ​ថ្លៃដើម​ស្បៀងអាហារ​ច្រើន​ជាង​មុន​។ ចំណែក​ប្រទេស​ដែល​មាន​បំណុល​ច្រើន ប្រឈម​មុខ​នឹង​ការ​ប៉ះទង្គិច​ផ្នែក​ហិរញ្ញវត្ថុ​ជាង​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​បំណុល​តិច​។

លោក អា​ឌី​ត​យ៉ា ម៉ា​ទូ (Aaditya Mattoo) ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក របស់​ធនាគារពិភពលោក​បាន​មាន​ប្រសាសន៍​ថា តំបន់​មួយ​នេះ​ប្រឈម​មុខ​នឹង​ភាព​តក់ស្លុត​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​គម្រាមកំហែង​ដល់​សន្ទុះ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​។ 

អ្នកជំនាញ​រូប​នេះ​អះអាង​ថា សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​វា​កំពុង​នាំ​ឱ្យ​មានការ​កើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ ប្រេងឥន្ធនៈ ការ​ប្រែប្រួល​ហិរញ្ញវត្ថុ និង​ការ​កាត់​បន្ថយ​ទំនុកចិត្ត​របស់​ពលរដ្ឋ​ក្នុង​ការ​ចាយវាយ​នៅ​ទូ​ទាំង​ពិភពលោក​។

សូម​ជម្រាប​ថា ប្រទេស​ចិន​មាន​ចំណែក GDP ដល់​ទៅ​៨៦%​ឯណោះ នៃ​GDP​សរុប​របស់​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ហើយ​យក្ស​សេដ្ឋកិច្ច​មួយ​នេះ ក៏​ត្រូវ​បាន​ធនាគារពិភពលោក​បន្ថយ​ការ​ព្យា​ការណ៍​ផង​ដែរ​ពី ៥,៤%​ពី​ខែតុលា​ឆ្នាំ​មុន​មក​នៅ​ត្រឹម ៥%​នៅ​ឆ្នាំ​នេះ​។ ដោយឡែក​ប្រ​សិន បើ​ក្នុង​សេណា​រី​យូ​អវិជ្ជមាន សេដ្ឋកិច្ច​ចិន​អាច​ធ្លាក់​មក​នៅ​កំណើន ៤%​ប៉ុណ្ណោះ​។ ទាំងនេះ​ក៏​ដោយសារ​តែ បច្ចុប្បន្ន​ចិន​កំពុង​ប្រឈម​មុខ​នឹង​រលក​ឆ្លង​កូ​វី​ដ​១៩​សា​ជា​ថ្មី គូស​ផ្សំ​នឹង​វិធានការ​ឆ្លើយ​តប​ដ៏​តឹងតែង​។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​សេណា​រី​យោ​អវិជ្ជមាន​ទាំងនេះ ធនាគារពិភពលោក​បាន​សន្និដ្ឋាន​ថា នឹង​មាន​មនុស្ស ៦​លាន​នាក់​ថែម​ទៀត​នៅ​ក្នុង​តំបន់ នឹង​បន្ត​ជាប់ផុង​ក្នុង​ភាព​ក្រីក្រ​នា​ឆ្នាំ​២០២២​នេះ បើ​គេ​គិត​តាម​បន្ទាត់​នៃ​ភាព​ក្រីក្រ ដែល​មនុស្ស​អាច​រក​ចំណូល​បាន ៥,៥​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ថ្ងៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្ក្រានឆ្នាំថ្មី! ចំណេញផ្ទួនៗ ក្នុងពេលតែមួយ ពីបុរី ប៉េង ហួត រហូតដល់រាប់ម៉ឺនដុល្លារ

ព័ត៌មាន
សង្ក្រានឆ្នាំថ្មី ផ្លាស់ប្តូរក្តីស្រមៃគេហដ្ឋានរបស់លោកអ្នក អោយក្លាយជាការពិត ជាមួយបុរី ប៉េង ហួត! ដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្ន…

អាមេរិក បញ្ឈប់រុស្ស៊ីពីការទូទាត់សងបណ្ណបំណុលរដ្ឋក្នុងតម្លៃ៦០០លានដុល្លារ ដើម្បីបង្កើនសម្ពាធបន្ថែមលើទីក្រុងម៉ូស្គូ

ព័ត៌មាន
សហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានបញ្ឈប់រដ្ឋាភិបាលរុស្ស៊ីពីការទូទាត់បណ្ណបំណុលរដ្ឋក្នុងតម្លៃ៦០០លានដុល្លារអាមេរិក តាមរយៈធនាគារកណ្ដាលអាមេរិក។ ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ