តាមការរាយការណ៍ដោយកាសែតហ្វីលីពីន Manila Times ឱ្យដឹងថា គម្រោងសាងសង់មូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងនេះ ដឹកនាំដោយក្រសួងការពារជាតិ និងកងទ័ពជើងទឹករបស់ប្រទេសវៀតណាម ហើយវាពាក់ព័ន្ធនឹងការសាងសង់ និងពង្រីកកន្លែងយោធា ព្រមទាំងកន្លែងផ្សេងទៀតនៅតំបន់ថ្មប៉ប្រះទឹក Pearson និង Pigeon ដែលទីក្រុងហាណូយអះអាងថា ជាដែនទឹករបស់ខ្លួន។
យោងតាមឯកសារវៀតណាមមួយ ដែលត្រូវបានចុះផ្សាយដោយកាសែតហ្វីលីពីនខាងលើ «ហានិភ័យដែលអាចកើតមាននៅសមុទ្រចិនខាងត្បូង និងពិសេសប្រជុំកោះស្ព្រាតលី បង្កើនភាពមិនច្បាស់លាស់ក្នុងតំបន់»។
ដូច្នេះហើយការបង្កើតឱ្យមានវត្តមានយោធាវៀតណាមនៅក្នុងដែនទឹកជម្លោះនោះ ទីក្រុងហានូយចាត់ទុកថា នឹងបង្កើនសម្ពាធបន្ថែមមសម្រាប់ប្រទេសក្បែរខាង»។ វៀតណាមមិនត្រឹមតែកសាងមូលដ្ឋានសម្រាប់យោធាប៉ុណ្ណោះទេ ថែមទាំងកន្លែងស្នាក់នៅនិងបរិក្ខារអនាម័យសម្រាប់ប្រជាជនវៀតណាមផងដែរ។
យោងតាមឯកសារខាងលើ គម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ២៧០លានដុល្លារ រួមមានការបូមខ្សាច់ និងការចាក់បំពេញដី ដើម្បីពង្រីកផ្ទៃដីនៃកោះសម្រាប់ដំឡើងអាវុធមីស៊ីល និងមីស៊ីលប្រឆាំងយន្តហោះចម្បាំងជាដើម។ យោងតាមរបាយការណ៍ចេញនៅខែធ្នូឆ្នាំមុន ដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ការងារចាក់បំពេញដីរបស់វៀតណាមនៅប្រជុំកោះ Spratlys បានកើនឡើងនៅចុងឆ្នាំ២០២២ ក្នុងរយៈមួយទសវត្សរ៍ ដោយបានកើនឡើងដល់ប្រហែល២២ហិកតា។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការសាកសួររបស់ Nikkei Asia អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយថា លោកស្រីមិនបានដឹងអំពីព័ត៌មាន ដែលបានរាយការណ៍ដោយកាសែតហ្វីលីពីន Manila Times នោះទេ។ ដោយឡែក បើតាមប្រភពពីមនុស្សម្នាក់ ដែលដឹងអំពីគម្រោងនេះឱ្យដឹងថា ដើមឈើរាប់ពាន់ដើមនឹងត្រូវដាំនៅលើកោះទាំងនោះ ដើម្បីលាក់កំបាំងភ្នែកពីមនុស្សគ្រប់គ្នា»។ ប្រភពដដែលថា ការធ្វើយោធាតូបនីកម្មលើកោះទាំងនោះ នឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ដែនទឹកហ្វីលីពីនដែលនៅជិតនោះដែរ។
គួរជម្រាបថា ប្រជុំកោះ Spratlys មានកោះតូចៗប្រមាណ១០០ នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិន វៀតណាម និងហ្វីលីពីនបាននិងកំពុងដណ្តើមអះអាងយករៀងៗខ្លួនមកទល់នឹងពេលបច្ចុប្បន្ននេះ។ ក្នុងនោះ ប្រទេសចិនបានដាក់ពង្រាយនាវាទាំងស៊ីវិល និងយោធាជាច្រើនគ្រឿងនៅសមុទ្រចិនខាងត្បូង និងកំពុងសាងសង់កោះសិប្បនិម្មិតយោធាយ៉ាងម្រើន ខណៈហ្វីលីពីនក៏កំពុងបង្កើនវត្តមានយោធាខ្លួននៅលើកោះក្បែរនោះផងដែរ។