
នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានអះអាងថា ប្រទេសវៀតណាម បានដាក់គោលដៅពឹងផ្អែកលើខ្លួនឯងទាំងស្រុងដោយមិនពឹងបរទេសនៅក្នុងការឌីហ្សាញ ការផលិត និងការសាកល្បងបន្ទះឈីបសំខាន់ៗនៅត្រឹមឆ្នាំ២០២៧។ ប្រធានគណៈកម្មាធិការដឹកនាំឧស្សាហកម្មបន្ទះឈីបរបស់វៀតណាមរូបនេះ បានជំរុញឱ្យពន្លឿនវឌ្ឍនភាពលើយុទ្ធសាស្ត្របន្ទះឈីបថ្នាក់ជាតិនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៤ ខែសីហា កន្លងទៅនៅទីក្រុងហាណូយ។ លោកបានអំពាវនាវឱ្យមានការសម្របសម្រួលឱ្យកាន់តែល្អប្រសើរដើម្បីប្រែក្លាយប្រទេសវៀតណាមទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិករបស់ពិភពលោក។
លោក ផាម មិញជិញ បានសង្កត់ធ្ងន់ថា បន្ទះឈីបមានសារៈសំខាន់ណាស់សម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសបច្ចេកវិទ្យា AI និងប្រព័ន្ធទិន្នន័យ ហើយថា ប្រទេសវៀតណាមត្រូវតែដើមតាមឱ្យទាន់របត់ ឬនិន្នាការរបស់ពិភពលោក។ លោកបានអះអាងថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយរួចហើយក្នុងការជួយគាំទ្រវិស័យនេះ តែវាមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធការផ្ដល់ហិរញ្ញប្បទានមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធមិនរឹងមាំ និងកង្វះខាតកម្មករជំនាញជាដើម។
យ៉ាងណាមិញ លោក បានជំរុញឱ្យក្រសួង និងខេត្តនានាពន្លឿនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សជាមួយនឹងភារកិច្ចសំខាន់ៗដែលត្រូវបញ្ចប់នៅឆ្នាំ២០២៥ នេះ៕
ដោយ: តែម សុខុម