ពាណិជ្ជកម្មធ្យូងថ្មទូទាំងពិភពលោកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៣។ ប្រទេសផលិតធ្យូងថ្មធំៗដូចជាចិន ឥណ្ឌា និងឥណ្ឌូណេស៊ី ជាដើម បានបង្កើនការផលិតយ៉ាងច្រើន ដោយក្នុងនោះប្រទេសចិន បានបង្កើនការផលិត៣,៤% ឥណ្ឌាបានបង្កើនការផលិត១២% ហើយឥណ្ឌូនេស៊ី បានបង្កើនការផលិត១៣%។ ទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បង្ហាញថា ការផលិតធ្យូងថ្មសរុបទូទាំងពិភពលោកបានកើនឡើងដល់៨,៩ពាន់លានតោន។
ម៉្យាងវិញទៀត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចិនដីគោក ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ នៅតែជាអ្នកនាំចូលធ្យូងថ្មកំពូលទាំង៥របស់ពិភពលោក ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់អាស៊ីមានចំណែកគ្របដណ្ដប់ខ្លាំងជាងគេនៅក្នុងពាណិជ្ជកម្មធ្យូងថ្ម។
កំណើនសេដ្ឋកិច្ចក្នុងពេលកន្លងទៅថ្មីៗនេះ នៅក្នុងប្រទេសចិន និងឥណ្ឌា បានជំរុញឱ្យការនាំចូលធ្យូងថ្មកើនឡើង ខណៈដែលការនាំចូលធ្យូងថ្មរបស់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ស្ថិតក្នុងអត្រាដដែល។
ទន្ទឹមនឹងនេះ ប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងក្លាយជាអ្នកនាំចូលធ្យូងថ្មធំជាងគេបំផុតទី៥ នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤ នេះ បន្ទាប់ពីការនាំចូលធ្យូងថ្មមានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣។ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA មើលឃើញថា កំណើននាំចូលធ្យូងថ្មនេះ គឺដោយសារមានការកើនឡើងខ្លាំងនូវតម្រូវការអគ្គិសនី និងកង្វះថាមពលវារីអគ្គិសនី។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាម បាននាំចូលធ្យូងថ្មរហូតដល់ទៅជាង៥១លានតោនក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើងជាង៦១%បើធៀបនឹងឆ្នាំ២០២២៕