សារព័ត៌មាន Vietnam News បានរាយការណ៍ថា អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានប្រកាសនូវគោលបំណងនៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារជាតិរបស់ខ្លួន និងផ្តល់អត្តសញ្ញាណអ្នកជាប់ពន្ធទាំងអស់តាមប្រព័ន្ធអេឡិចត្រូនិកនៅត្រឹមឆ្នាំ២០២៥។ គិតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានសម្រេចក្នុងការបញ្ជាក់ និងផ្តល់លេខកូដសម្រាប់បង់កាតព្វកិច្ចពន្ធនានាជូនដល់ពលរដ្ឋសរុបបានជាង៦១លាន នៅក្នុងចំណោមប្រជាពលរដ្ឋវៀតណាមទាំងអស់។
អគ្គនាយកដ្ឋានពន្ធដារវៀតណាម ក៏កំពុងកែលម្អសេវាកម្មរដ្ឋបាល និងយន្តការកាត់បន្ថយការិយាល័យធិបតេយ្យផ្សេងៗនៅក្នុងគោលបំណងផ្តល់ឱ្យអ្នកជាប់ពន្ធ១00 % អាចបង់ពន្ធ និងតម្រូវការឯកសារផ្សេងៗឲ្យសម្រេចទាំងស្រុងនៅក្នុងឆ្នាំ២០២៥។ មកទល់ពេលនេះ សេវាកម្មពន្ធដារសរុបប្រមាណ២៣៥ប្រភេទ គឺមាន១២២ ប្រភេទហើយដែលអ្នកជំនាញវៀតណាម បានបញ្ចូលទៅក្នុងសេវាសាធារណៈជាតិ។
បច្ចុប្បន្នវៀតណាម កំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ច និងប្រព័ន្ធពន្ធ ដើម្បីធ្វើយ៉ាងណាទទួលបានការទទួលស្គាល់ពីមហាអំណាច ជាពិសេសគឺសហរដ្ឋអាម៉េរិក ប្រកាសទទួលស្គាល់ប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនជាសេដ្ឋកិច្ចទីផ្សារសេរី៕
ដោយៈ សរ សុជាតិ