ការិយាល័យស្ថិតិទូទៅវៀតណាមបានគូសបញ្ជាក់ថា ក្នុងរយៈពេល ១១ខែនេះ ទំហំពាណិជ្ជកម្មវៀតណាម សម្រេចបានប្រមាណ ៤៧៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញមានជាង ២៤១ពាន់លានដុល្លារអាមេរិក និងការនាំចូលមកវិញ មានប្រមាណ ២៣២ពាន់លានដុល្លារអាមេរិក។
លោក ង្វៀន ប៊ិច ឡាម ប្រធានការិយាល័យស្ថិតិទូទៅវៀតណាម នៃក្រសួងផែនការ និងវិនិយោគវៀតណាម បានគូសបញ្ជាក់ថា កំណើននៃការនាំចេញនេះ កើតឡើងដោយសារ នាយករដ្ឋមន្រ្តីវៀតណាម បានសម្រេចនូវការងារសំខាន់ៗជាច្រើន រួមមាន ការរៀបចំសន្និសីទតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ វេទិកាសេដ្ឋកិច្ច និងការពង្រឹងគុណភាពការងារ។
បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា អត្រាពន្ធ ប្រមាណ ៩៨% ត្រូវបានលុបចោល ដែលវាជាឱកាសសម្រាប់អាជីវកម្មនីមួយៗ អាចជំរុញផលិតកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
មើលទៅលើ ការនាំចេញរបស់វៀតណាម វិញ ឃើញថា អ្នកវិនិយោគក្នុងស្រុកវៀតណាមផ្ទាល់ ដែលបាននាំចេញផលិតផលជាង ៧៤ពាន់លានដុល្លារ ស្មើនឹង ៣១ភាគរយនៃ ការនាំចេញសរុប ខណៈដែល ក្រុមហ៊ុនវិនិយោគដោយបរទេស សម្រេចបានការនាំចេញ ១៦៦ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៩%។
ការនាំចេញសំខាន់ៗរបស់វៀតណាម ដែលមានចំណូលលើស ១០ពាន់លានដុល្លារ រួមមាន ទូរស័ព្ទ និងគ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ វាយនភណ្ឌ និងស្បែកជើង។
សហរដ្ឋអាមេរិក នៅតែជា ទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាម ដែលបានចំណាយ ៥៥ពាន់លានដុល្លារអាមេរិក ទិញទំនិញមកពី វៀតណាម ហើយសហភាពអឺរ៉ុប ឈរលំដាប់ទី ២ នាំចូលប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ពីវៀតណាម និង ចិន មានប្រមាណ៣៧ពាន់លានដុល្លារអាមេរិក។
ដោយឡែក ប្រទេសចិន ឈរលើកំពូលតារាងវិញ ក្នុងការផ្គត់ផ្គង់ទៅឲ្យ វៀតណាម ដែលមានទំហំទឹកប្រាក់ ៦៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
សូមបន្ថែមថា កូរ៉េខាងត្បូង ក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់វៀតណាម ដែលបានទិញទំនិញប្រមាណ ៤៣ពាន់លានដុល្លារអាមេរិក ពីវៀតណាម រីឯ បណ្តាប្រទេសក្នុងអាស៊ាន បានទិញប្រមាណ ២៩ពាន់លានដុល្លារអាមេរិក៕