ប្រទេសចិន

ចិនទប់ស្កាត់ការនាំចេញឧបករណ៍យន្តហោះដ្រូនចំពេលមានភាពតានតឹងបច្ចេកវិទ្យាជាមួយអាមេរិក


ប្រទេសចិនកាលពីថ្ងៃចន្ទបានប្រកាសពីការគ្រប់គ្រងការនាំចេញលើយន្តហោះគ្មានមនុស្សបើក (ដ្រូន) និង ឧបករណ៍ពាក់ព័ន្ធនឹងយន្តហោះដ្រូនដោយនិយាយថាខ្លួនចង់ការពារ«សន្តិសុខ និងផលប្រយោជន៍ជាតិ» ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយអាមេរិកជុំវិញការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ខណៈដែលប្រទេសបស្ចិមលោកមួយចំនួនរួមទាំងប្រទេសជប៉ុនបានរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយសាររបស់សារព័ត៌មានធំៗ។
ចិនទប់ស្កាត់ការនាំចេញឧបករណ៍យន្តហោះដ្រូនចំពេលមានភាពតានតឹងបច្ចេកវិទ្យាជាមួយអាមេរិក

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការរឹតបន្តឹងលើឧបករណ៍យន្តហោះដ្រូន រួមទាំងម៉ាស៊ីនយន្ត​ហោះដ្រូន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង និង ប្រព័ន្ធប្រឆាំងយន្តហោះដ្រូនផងដែរ នឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹតបន្តឹងនេះក៏ធ្វើទៅលើយន្តហោះដ្រូនសម្រាប់ប្រើប្រាស់ធម្មតាផងដែរ ហើយគ្មានយន្តហោះដ្រូនស៊ីវិលណាមួយអាចត្រូវបាននាំចេញសម្រាប់គោលបំណងយោធានោះឡើយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបន្តថា ការពង្រីកវិសាលភាពនៃការគ្រប់គ្រងយន្តហោះដ្រូន ក្នុងកម្រិតតិចតួចបំផុតរបស់ប្រទេសចិននៅពេលនេះគឺជាវិធានការសំខាន់មួយដើម្បីបង្ហាញពីជំហររបស់ចិន ជាប្រទេសចេះទទួលខុសត្រូវដ៏សំខាន់ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក និងរក្សាសន្តិភាពពិភពលោក។

ប្រទេសចិនមានឧស្សាហកម្មផលិតយន្តហោះដ្រូនដ៏ធំមួយ និងបាននាំចេញទៅកាន់ទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ សមាជិកសភាអាមេរិកបាននិយាយថា យន្តហោះដ្រូនជាង៥០%ដែលលក់នៅអាមេរិកគឺជាផលិតផលរបស់ក្រុមហ៊ុន DJI ដែលមានមូលដ្ឋាននៅប្រទេសចិន ហើយវាជាដ្រូនដ៏ពេញនិយមបំផុតដែលប្រើប្រាស់ដោយភ្នាក់ងារសុវត្ថិភាពសាធារណៈ។

ការទប់ស្កាត់ការនាំចេញយន្តហោះដ្រូនរបស់ប្រទេសចិននេះ បានធ្វើឡើងបន្ទាប់ពីចិនបានប្រកាសពីការគ្រប់គ្រងលើការនាំចេញលើលោហធាតុមួយចំនួនដែលប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការផលិតបន្ទះឈីបកាលពីខែមុន បន្ទាប់ពីអាមេរិកបានចាត់វិធានការដ៏តឹងរ៉ឹងមិនឱ្យចិនទទួលបានបច្ចេកវិទ្យាសំខាន់ៗដូចជាឧបករណ៍ផលិតបន្ទះឈីបជាដើម។

ក្រៅតែពីសហរដ្ឋអាមេរិកក៏មានប្រទេសជប៉ុន និងប្រទេសហូឡង់ដែលជាមូលដ្ឋានរបស់ក្រុមហ៊ុន ផលិតឧបករណ៍បន្ទះឈីបដ៏សំខាន់មួយគឺក្រុមហ៊ុន ASML បានធ្វើការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅប្រទេសចិនផងដែរ។

លោក ខូលីន ហាមីលថុន (Colin Hamilton) មកពីក្រុមហ៊ុនវិនិយោគ BMO Capital Markets បានប្រាប់ទូរទស្សន៍ BBC ថា ការប្រកាសពីការរឹតបន្តឹងលើការនាំចេញលោហធាតុសំខាន់ៗរបស់ចិននេះគឺមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារតែមានការរឹតបន្តឹងលើការនាំចេញបន្ទះឈីបរបស់ប្រទេសហូឡង់ និង ប្រទេសបស្ចិមលោកដទៃទៀតរួមទាំងជប៉ុនផងដែរ។

លោក ហាមីលថុន បានបន្ថែមថា វាជារឿងធម្មតាទេ បើសិនជាចិនមិនលក់បន្ទះឈីបទៅឱ្យបស្ចិមលោកទេនោះ ពួកគេក៏នឹងមិនលក់ឱ្យចិននូវសម្ភារៈសម្រាប់ផលិតបន្ទះឈីបទាំងនោះមកវិញដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជាភ្ជាប់ផ្លូវដែកជាមួយថៃ ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញ និងជំរុញការធ្វើពាណិជ្ជកម្ម ក្នុងតំបន់

ព័ត៌មាន
ប្រទេសកម្ពុជាកាលពីពេលថ្មីៗបានតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសថៃ ត្រង់ចំណុចប្រសព្វរវាង ខេត្តបន្ទាយមានជ័យ និងខេត្រស្រះកែវ ដើម្បីជួយសម្រួលដល់ការធ្…

តើហេតុអ្វីអ៊ីតាលីអះអាងថា ការចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន «ជាការសម្រេចចិត្តមួយដ៏ខុសឆ្គងបំផុត»?

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោកហ្គីដូ ក្រូសេតតូ (Guido Crosetto) ទើបតែបានចេញមុខមករិះគន់ចំៗតែម្តងចំពោះការសម្រេចចិត្តរបស់ប្រទេសលោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ