
មន្ត្រីវៀតណាមបាននិយាយក្នុងកិច្ចប្រជុំថ្មីៗនេះថា ថវិកាប្រហែល៤៦៨ពាន់លានដុល្លារអាម៉េរិកនឹងត្រូវចំណាយលើការកសាងជនបទបែបថ្មី និងការលុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេសវៀតណាមក្នុងអំឡុងឆ្នាំ២០២៦-២០៣៥។ អនុប្រធានរដ្ឋសភាលោក ឡេ មិញហោន (Le Minh Hoan) និងតំណាងមកពីក្រសួងកសិកម្ម និងបរិស្ថានបាននិយាយក្នុងកិច្ចប្រជុំនេះថា ក្នុងចំណោមថវិកាទាំងនេះ ថវិកាជាង១៦៤ពាន់លានដុល្លារនឹងត្រូវចំណាយចន្លោះឆ្នាំ២០២៦-២០៣០ ហើយថវិកាជាង២៨១ពាន់លានដុល្លារទៀតនឹងត្រូវចំណាយសម្រាប់ឆ្នាំ២០៣១-២០៣៥។
អនុប្រធានរដ្ឋសភាលោក ឡេ មិញហោន បាននិយាយថា កម្មវិធីនេះនឹងបន្តផ្តល់អាទិភាពលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ ខណៈកំពុងលើកកម្ពស់ និងរក្សាតម្លៃវប្បធម៌ និងអត្តសញ្ញាណនៃមូលដ្ឋាននីមួយៗ ជាពិសេសសហគមន៍ជនជាតិភាគតិច ហើយដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព វាចាំបាច់ណាស់ក្នុងការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់មន្ត្រីមូលដ្ឋានជាពិសេសនៅថ្នាក់ឃុំតែម្ដង៕
ដោយ៖ សុខ មង្គល