រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុង ឌាន (Nguyen Hong Dien) បានទម្លាយឱ្យដឹងថា កន្លងមកទំនិញនាំចេញរបស់វៀតណាម បានរងបណ្តឹងពាណិជ្ជកម្មរហូតដល់ទៅ២៤៧ករណី នៅ២៤ប្រទេសជុំវិញពិភពលោក ហើយបានគូសបញ្ជាក់ថា កំណើននៃបណ្ដឹងពាណិជ្ជកម្មនៅក្រៅប្រទេសមកលើទំនិញនាំចេញរបស់វៀតណាម គឺដោយសារកំណើននៃការនាំចេញប្រចាំឆ្នាំ។
លោកបានបន្ថែមថា ទំនិញនាំចេញរបស់វៀតណាម ត្រូវបានស៊ើបអង្កេតរួមគ្នាជាញឹកញាប់ដោយប្រទេសផ្សេងៗដោយសារវៀតណាម ជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់តំបន់ ខណៈដែលប្រទេសខ្លះទៀតមានទំនោរប្រើបណ្ដឹងពាណិជ្ជកម្ម ដើម្បីការពារផលិតកម្មក្នុងស្រុក។
របាយការណ៍ប្រចាំឆ្នាំ ស្ដីពី ដំណោះស្រាយពាណិជ្ជកម្មឆ្នាំ២០២៣ របស់អាជ្ញាធរដោះស្រាយពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា កាលពីឆ្នាំមុន មានបណ្ដឹងថ្មីចំនួន១៥ករណី ត្រូវបានដាក់ប្ដឹងដោយប្រទេសផ្សេងៗ ដោយបន្ថែមពីលើករណីដែលកំពុងរងការស៊ើបអង្កេត ហើយក្នុងនោះបណ្ដឹងរបស់សហរដ្ឋអាម៉េរិក មានច្រើនជាងគេរហូតដល់ទៅ៧ករណី។
ទោះជាយ៉ាងណា លោក ង្វៀន ហុង ឌាន (Nguyen Hong Dien) បានលើកឡើងថា ការប្ដឹងតវ៉ានៅក្នុងករណីជាច្រើន ទទួលបានលទ្ធផលជាវិជ្ជមាន ពោលគឺត្រូវបានដោះស្រាយបញ្ចប់ជាបន្តបន្ទាប់ តួយ៉ាងដូចជានៅក្នុងទីផ្សារដែកថែប និងទឹកឃ្មុំជាដើម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុង ឌាន រូបនេះបានគូសបញ្ជាក់ថា ក្នុងបរិបទនៃសេដ្ឋកិច្ចសមាហរណកម្មដែលវៀតណាម ជាភាគីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើនជាមួយប្រទេសជាង៦០ និងដែលមានឧស្សាហកម្មនាំចេញរីកចម្រើន ការបញ្ជាក់ច្បាស់លាស់ពីប្រភពដើមនៃទំនិញ និងការគិតគូរល្អិតល្អន់ពីគោលនយោបាយ ដែលអាចបង្កឱ្យមានការចោទប្រកាន់អំពីការឧបត្ថម្ភធន គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយចំនួនករណីបណ្ដឹងពាណិជ្ជកម្មក្រៅប្រទេស។
ទន្ទឹមនឹងនេះ លោកក៏បានផ្ដល់អនុសាសន៍ឱ្យធ្វើយ៉ាងណាគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពអាជីវកម្មវៀតណាម ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីទប់ស្កាត់បណ្ដឹងពាណិជ្ជកម្មនៅក្រៅប្រទេស៕
ដោយ: តែម សុខុម