រោងចក្រកាត់ដេរកម្ពុជា

ក្រសួងការងារ៖ មានរោងចក្រចំនួន១០ហើយ បានស្នើសុំព្យួរការងារកម្មករនយោជិត ព្រោះតែកង្វះវត្ថុធាតុដើមផលិត!


ក្រសួងការងារ បានឲ្យដឹងថា នៅក្នុងខែមីនានេះ អាចនឹងមានរោងចក្រប្រមាណជិត ២០០ រោងចក្រ នឹងត្រូវបានជួបបញ្ហាកង្វះវត្ថុធាតុដើមផលិត និងឈានដល់ការបិទទ្វាររោងចក្រជាបណ្ដោះអាសន្ន ព្រោះតែឥទ្ធិពលនៃវីរុស Covid 19។ មន្ត្រីក្រសួងការងារបង្ហើបឲ្យដឹងទៀតថា មកទល់ពេលនេះ មានរោងចក្រចំនួន ១០ ហើយបានដាក់ពាក្យស្នើសុំព្យួការងារផ្នែកខ្លះ នៃច្រវាក់ផលិតកម្មរបស់ពួកគេ ដែលប៉ះពាល់ដល់ការងារកម្មករប្រមាណ ៣ពាន់នាក់។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ

បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី វឌ្ឍនភាព និង​ទិស​ដៅ​បន្តការងារ​បន្ត​របស់​ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី ២៧ កុម្ភៈ ឆ្នាំ​២០២០​នេះ​ថា បញ្ហា​ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា Covid 19 បាន​និង​កំពុង​ធ្វើ​ឲ្យ​រោងចក្រ​ប្រមាណ ២០០ រោងចក្រ ប្រឈម​នឹង​ការ​កង្វះ​វត្ថុធាតុដើម​ផលិត និង​អាច​ប៉ះពាល់​ដល់​ការងារ​កម្មករ​កម្មការិនី ប្រមាណ ១៦​ម៉ឺន​នាក់​។

បើ​តាម​ឯកឧត្តម ហេង សួរ ថ្មី​ៗ​នេះ មាន​រោងចក្រ​ប្រមាណ​ជា ១០ រោងចក្រ​ហើយ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ព្យួរការងារ​កម្មករ តែ​មិនមែន​ព្យួរការងារ​ទាំងអស់​នោះ​ទេ ពោល​គឺ ព្យួរ​ផ្នែក​ខ្លះ នៃ​ច្រវាក់​ផលិតកម្ម​នៃ​រោងចក្រ​ទាំងនោះ​ប៉ុណ្ណោះ ពោល​គឺ បើ​គិត​ចំនួន​ការងារ​កម្មករ​ក​ម្មា​រិ​នី ដែល​ត្រូវ​បាន​ស្នើ​ព្យួរ​នេះ គឺ​មាន​ប្រហែល ៣​ពាន់​នាក់​ប៉ុណ្ណោះ​។

ឯកឧត្តម ហេង សួរ មាន​ប្រសាសន៍​ថា «​គិត​ត្រឹម​ព្រឹក​មិ​ញ​នេះ [​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០២០] មាន​រោងចក្រ​ចំនួន ១០ បាន​ចាប់ផ្ដើម​ស្នើ​សុំ​ព្យួរការងារ ក៏​ប៉ុន្ដែ មិនមែន​ព្យួរ​១០០​ភាគរយ​ទេ គឺ​ព្យួរ​ដោយ​ផ្នែក​នៃ​សង្វា​ក់​ផលិតកម្ម ចឹ​ង​បើ​គិត​ជា​រោងចក្រ គឺថា​មាន​១០ ក៏​ប៉ុន្ដែ បើ​គិត​ពី​ចំនួន​កម្មករ​ន​យោ​ជិត ដែល​ផ្អាក [​ការងារ​] តាម​ផ្នែក​នេះ គឺ​មាន​ត្រឹមតែ ៣​ពាន់​នាក់​នៅឡើយ​ទេ​។​» ឯកឧត្តម បន្ដ​ទៀត​ថា ខាង​ក្រសួង​ការងារ បាន​និង​កំពុងធ្វើការ​ងារ​សម្របសម្រួល​ជាមួយ​រោងចក្រ​ទាំងនោះ ដើម្បី​ផ្ដល់​ជូន​ប្រាក់បៀវត្សរ៍​ក៏​ដូច​ជា អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​ដល់​កម្មករនិយោជិត​ផង​ដែរ​។

សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នា​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​រោងចក្រ​ព្យួ​ការងារ កម្មករ​ន​យោ​ជិត​ដែល​ត្រូវ​បាន​ព្យួរការងារ អាច​នឹង​ទទួល​បាន​ប្រាក់ខែ ៦០% នៃ​ប្រាក់ខែ​គោល​របស់​ពួក​គេ ពោល​គឺ​នឹង​ទទួល​បាន​ប្រមាណ ១២០ ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល ៦​ខែ​។ ក្នុង​ចំនួន​ប្រាក់ខែ ៦០%​នោះ ថៅកែ​រោងចក្រ​ត្រូវ​ចំណាយ ៤០% និង​រាជរដ្ឋាភិបាល​ជួយ​បន្ថែម ២០%​។ 

ទោះ​យ៉ាងណា ឯកឧត្តម  ហេង សួរ បាន​គូសបញ្ជាក់​ទៀត​ថា ស្ថាន​ការ​វិវត្តន៍​ចុង​ក្រោយ​នេះ ឃើញ​ថា ច្រវាក់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន បាន​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​និង​កំពុង​ជំរុញ​ទាំង​ជាមួយ​អ្នកបញ្ជា​ទិញ រោងចក្រ និង​ការ​ធ្វើការ​រវាង​កម្រិត​រដ្ឋាភិបាល​វាង​ប្រទេស​កម្ពុជា និង​ចិន​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​រដ្ឋាភិបាល​ចិន​អាច​ផ្ដល់​នូវ​លទ្ធភាព​នៃ​ការ​ផ្គត់ផ្គង់​នូវ​វត្ថុធាតុដើម​នេះ ជូន​មក​ប្រទេស​កម្ពុជា ពោល​គឺ ធ្វើ​យ៉ាងណា​ឲ្យ​រយៈពេល​នៃ​ការ​កង្វះ​វត្ថុធាតុដើម​នេះ គឺ​មាន​រយៈពេល​ខ្លី​។

ទាក់ទង​នឹង​បញ្ហា​កង្វះ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ​នេះ​ដែរ សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តឧត្តរមានជ័យ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​អាច​នឹង​ជួល​យន្ដហោះ ទៅ​ដឹក​វត្ថុធាតុដើម​មក​ពី​ប្រទេស​ចិន ដើម្បី​សង្គ្រោះ​រោងចក្រ​កាត់ដេរ​កម្ពុជា កុំ​ឲ្យ​បិទទ្វារ​។ សម្ដេច​បន្ថែម​ទៀត​ថា មធ្យោបាយ​មួយទៀត ក៏​អាច​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ផង​ដែរ​។ 

សម្ដេច មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា សម្តេច​បាន​បន្ត​ថា «​យើង​អាច​នឹង​ជួល​យន្តហោះ​ពី​កម្ពុជា ទៅ​ដឹក​វត្ថុធាតុដើម​ហ្នឹង​មក ព្រោះ​អាហ្នឹង វា​អត់​មាន​ដឹក​ភ្ញៀវ​ទេ ដឹក​តែ​សាច់​ក្រណាត់​មក​តែ​ម្តង​។​ខ្ញុំ​ផ្តល់​ជា​មតិ ម្ខាង​យើង​អាច​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ម្ខាង​អាច​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដើម្បី​ផ្គត់ផ្គង់​វត្ថុធាតុដើម សម្រាប់​រោងចក្រ​មួយ​ចំនួន​ដែល​ខើច​»​។

បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា រោងចក្រ​កាត់ដេរ​មាន​តម្រូវការ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ចំនួន ៦០% សម្រាប់​បម្រើ​ដល់​ផលិតកម្ម​របស់​ខ្លួន​។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​កង្វះ​វត្ថុធាតុដើម​ផលិត​សម្រាប់​រោងចក្រ​នេះ វា​មិន​ត្រឹមតែ​ប៉ះពាល់​តែ​នៅ​កម្ពុជា​នោះ​ទេ មាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា​វៀតណាម ជប៉ុន និង​កូរ៉េ រួម​ទាំង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​នេះ ក៏​បាន​ផ្អាក​នូវ​ច្រវាក់​ផលិតកម្ម​មួយ​ចំនួន​ដែរ ដោយសារ​តែ​បញ្ហា​រាំងស្ទះ​នៃ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​ចិ​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ថយចុះ៣០%ក្នុងឆ្នាំ២០១៩

ព័ត៌មាន
ក្នុងឆ្នាំ២០១៩កន្លងទៅ ពលករដែលបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃមានការ ថយចុះប្រមាណ៣០% បើធៀបនឹងឆ្នាំ២០១៨ ពោលគឺថយពីជាង ៩០ពាន់នាក់ មកនៅត្រ…

សម្តេច ស ខេង អះអាងការពារប៉ូលីសចរាចរណ៍ណា ដែលអនុវត្តច្បាប់ចំពោះអ្នកធំ និងអ្នកមានអំណាច ដែលបំពានច្បាប់

ព័ត៌មាន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្តេចនឹងការពារមន្ត្រីនគរបាលចរាចរណ៍ណា ដែលបានអនុវត្តច្បាប់យ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ