សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅក្នុងខែមករា ដើមឆ្នាំ២០២៤ នេះនៅទូទាំងប្រទេសវៀតណាម មានក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យរហូតដល់ជាង២ពាន់ក្រុមហ៊ុន បានបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ហើយសហគ្រាស និងក្រុមហ៊ុនដែលបាន ប្រកាសរំលាយគឺមានរហូតដល់ទៅជិត១៥០ក្រុមហ៊ុន។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យថ្មី ចំនួន៣៤២ក្រុមហ៊ុន បានស្នើសុំចុះបញ្ជីបើកដំណើរផងដែរ ហើយក្រុមហ៊ុនដែលបានប្រកាសផ្អាកអាជីវកម្មកន្លងមក បានមកទំនាក់ទំនងដំណើរការឡើងវិញ គឺមានប្រមាណ៦៤៥ក្រុមហ៊ុន។
ស្ថានភាពទីផ្សារអចលនទ្រព្យ និងសំណង់នៅវៀតណាមនៅប៉ុន្មានឆ្នាំមកនេះ បានទទួលរងព្យុះភ្លៀងយ៉ាងខ្លាំង តែទោះបីជាយ៉ាងណាក៏ដោយ វៀតណាមនៅតែមានក្រុមហ៊ុនរកស៊ីក្នុងវិស័យនេះយ៉ាងច្រើន។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ កន្លងទៅ វៀតណាមមានក្រុមហ៊ុនអចលនទ្រព្យជាង៤ពាន់៧រយក្រុមហ៊ុននៅដំណើរការ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួននេះ គឺថយចុះដល់ទៅ៤៥% បើធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនេះមានក្រុមហ៊ុនជិត១ពាន់៣រយក្រុមហ៊ុនត្រូវបានរំលាយចោលកើនឡើងជាង៧% និងក្រុមហ៊ុនដែលពន្យាសកម្មភាពដោយមានពេលកំណត់ គឺមានជាង៣ពាន់៧រយក្រុមហ៊ុនកើនឡើងជាង៤៧%។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ វិស័យអចលនទ្រព្យនៅវៀតណាម បានទាក់ទាញទុនវិនិយោគសរុបបានជិត៥ពាន់លានដុល្លារ ស្មើនឹងជិត១៣% នៃដើមទុនវិនិយោគដែលបានចុះបញ្ជីសរុប កើនឡើងជិត៥%៕
ដោយៈ សរ សុជាតិ