ទីផ្សារសំខាន់ៗសម្រាប់កសិផលរបស់វៀតណាម ដូចជាចិន អាម៉េរិក និងតៃវ៉ាន់ជាដើម បានបង្កើតបទប្បញ្ញត្តិនាំចូលថ្មីៗមួយចំនួន ដែលបានបង្កើតជាឧបសគ្គយ៉ាងធ្ងន់ធ្ងរសម្រាប់អាជីវកម្ម និងកសិកររបស់ប្រទេសវៀតណាម នៅឆ្នាំ២០២៥ នេះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្រទេសចិន ដែលជាទីផ្សារស្រូបទាញទុរេនដ៏ធំរបស់វៀតណាម បានធ្វើតេស្តលើផ្លែទុរេនរបស់វៀតណាមរកធាតុគីមីម្យ៉ាងដែលអាចបង្កជាជំងឺមហារីកក្រោយបានរកឃើញសារធាតុគីមីនេះលើផ្លែទុរេនរបស់ថៃ កាលពីចុងឆ្នាំមុន។ តាមរយៈវិធានការនេះបានធ្វើឱ្យផ្លែទុរេនរបស់វៀតណាម ចាល់គរដូចភ្នំ និងធ្លាក់ថ្លៃយ៉ាងខ្លាំងស្ទើរហៅមិនលឺ។
ការបង្កើនការត្រួតពិនិត្យនេះបានបង្កការលំបាកយ៉ាងខ្លាំងសម្រាប់អ្នកនាំចេញផ្លែទុរេនរបស់វៀតណាម។ លោក ដូន វ៉ានវិន (Doan Van Ven) អគ្គនាយកក្រុមហ៊ុននាំចេញមួយរបស់វៀតណាម បាននិយាយថា ក្រុមហ៊ុនរបស់លោកត្រូវប្រមូលផ្លែទុរេនមកវិញចំនួន១៧០តោន ដែលដឹកតាមកុងតឺន័រចំនួន១០ ដោយសារតែការមិនគោរពតាមស្តង់ដាថ្មីរបស់ចិន។
បញ្ហាប្រឈមស្រដៀងគ្នានេះ ក៏បានកើតឡើងចំពោះការនាំចេញកសិផលរបស់វៀតណាម ផ្សេងទៀតដែរ ដែលធ្វើឱ្យប្រាក់ចំណូលពីការនាំចេញបន្លែផ្លែឈើក្នុងខែមករា ឆ្នាំនេះ បានធ្លាក់ចុះ១១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មកនៅត្រឹម៤១៧លានដុល្លារ ដោយសារតែអាម៉េរិក អឺរ៉ុប និងតៃវ៉ាន់ បានរឹតបន្តឹងបទប្បញ្ញត្តិសំណល់ថ្នាំសម្លាប់សត្វល្អិតកាន់តែតឹងរ៉ឹង។
ចំណែកការនាំចេញអង្កររបស់វៀតណាម ក៏កំពុងរងសម្ពាធដូចគ្នាដែរ ដោយសារប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី បានកាត់បន្ថយការនាំចូលអង្ករ គួបផ្សំមានការប្រកួតប្រជែងជាថ្មីពីឥណ្ឌា ដោយបានជំរុញឱ្យតម្លៃអង្កររបស់វៀតណាម ធ្លាក់ចុះមកនៅត្រឹមតែ៤០០ដុល្លារ ក្នុងមួយតោន ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ ផលិតផលអាហារសមុទ្ររបស់វៀតណាម ក៏កំពុងប្រឈមមុខនឹងឧបសគ្គដោយសារបទប្បញ្ញត្តិដ៏តឹងរឹងរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ស្តីពីសុវត្ថិភាពចំណីអាហារ និងការប្រឆាំងការធ្វើនេសាទខុសច្បាប់ ដែលបានបង្ខំឱ្យក្រុមហ៊ុនវៀតណាមជាច្រើនវិនិយោគលើបច្ចេកវិទ្យា និងការកែលម្អការផលិតអាហារ៕
អត្ថបទ៖ សុខ មង្គល