សម្តេចហ៊ុន សែន

សម្តេចហ៊ុន សែន៖ ការបើកខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំក្រោយថ្ងៃ៣០ វិច្ឆិកា


បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែមានសភាពធូរស្រាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសជាជំហានៗ ឡើងវិញ និងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន បើកដំណើរការឡើងវិញផងដែរ។ទោះជាបែបនេះក្តី សម្រាប់អាជីវកម្មកម្សាន្ត ដូចជា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ដែលជាអាជីវកម្ម មានហានិភ័យខ្ពស់នៅមិនទាន់អាចបើកឡើងវិញនៅឡើយទេ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តម្រូវឱ្យរង់ចាំ ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

ដោយឡែក សម្រាប់​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យធ្វើ​បាន ក៏​ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​អ្នកចូលរួម​ត្រឹមតែ ២០០​នាក់ ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​មិន​រាប់​បញ្ចូល​នូវ​អ្នក​ផ្ដល់​សេវាកម្ម​នានា​នោះ​ទេ​។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​នៅ​ព្រឹក​ថ្ងៃ​ទី ០៨ ខែវិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា សម្រាប់​អាជីវកម្ម ខារ៉ាអូខេ ឌី​ស្កូ​តែ​ក និង​រង្គសាល នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ក្រោយ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​សិន ដ្បិតថា​អាជីវកម្ម​នេះ គឺ​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ហើយ​ជា​ទិស​ដៅ​អាទិភាព គឺ​រាជរាជ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឲ្យ​សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​បើក​ដំណើរការ​ជា​មុន​សិន​។

បើ​ទោះបី ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា មាន​ភាព​ធូរស្រាល និង​អាច​រៀប​មង្គលការ​ឡើង​វិញ ក៏​ពិតមែន តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ចុង​ក្រោយ​នេះ គឺ​កំណត់​យក​ចំនួន​មនុស្ស​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ យ៉ាងច្រើន​ត្រឹម ២០០​នាក់​ប៉ុណ្ណោះ ដោយ​មិន​គិត​ពី​អ្នក​ផ្ដល់​សេវាកម្ម​នានា​។ ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កំណត់​ចំនួន​នៃ​អ្នកចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ថ្មី​ម្ដងទៀត​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​កម្ពុជា សម្រេច​បាន​នូវ​ភាព​ជោគជ័យ​លើ​ផែនការ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ជា​ជំហាន​ៗ លើ​គ្រប់​វិស័យ ដើម្បី​ស្ដារ​សេដ្ឋកិច្ច ដែល​បាន​រង​គ្រោះ​អស់​រយៈពេល​ជិត ២​ឆ្នាំ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩​។ គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែវិច្ឆិកា មាន​ប្រជាពលរដ្ឋ កម្ពុជា ជិត​១៤​លាន​នាក់​ទៅ​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា សរុប​មាន​ប្រមាណ ១៦​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្ដវៀតណាម VinFast គ្រោងវិនិយោគ២០០លានដុល្លារនៅសហរដ្ឋអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ក្មេងខ្ចីរបស់វៀតណាម VinFast បានប្រកាសកាលពីថ្ងៃសុក្រនេះថា ខ្លួននឹងបោះទុនវិនិយោគដែលមានតម្លៃ ២០០ លានដុល្លារ ន…

ការនាំចេញរបស់ចិននៅតែរក្សាភាពធន់ទោះ ស្ថិតក្នុងវិបត្តិខ្វះខាតថាមពល

ព័ត៌មាន
ការនាំចេញរបស់ចិន នៅបន្តរក្សាបានភាពខ្លាំងក្លា ដែលបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ ទោះស្ថិតក្នុងវិបត្តិខ្វះខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ