វិស័យពាណិជ្ជកម្ម

វៀតណាម ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសជាង២១ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ


វៀតណាម នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់សម្រាប់ក្រុមហ៊ុនបរទេស ដោយនៅក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ប្រទេសក្បែរខាងកម្ពុជា មួយនេះ ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង២១ពាន់លានដុល្លារ មានកំណើន៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគជឿជាក់ថា វៀតណាមនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការវិនិយោគ បន្ទាប់ពីប្រទេសនេះ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្តីពីពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

កត្តានេះធ្វើឱ្យមានការព្យាករថា វៀតណាមនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៨% នៅឆ្នាំ២០២៥ នេះ ដែលជាកំណើនដ៏ខ្ពស់បើធៀបនឹងប្រទេសក្នុងតំបន់។

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ទីភ្នាក់ងារវិនិយោគបរទេស នៃក្រសួងហិរញ្ញវត្ថុវៀតណាម បានអះអាងថា នៅឆមាសទី១ ដើមឆ្នាំនេះ ប្រទេសវៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានប្រមាណ២១,៥ពាន់លានដុល្លារកើនឡើង៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគបានលើកឡើងថា កំណើនទុនវិនិយោគផ្ទាល់ពីបរទេសយ៉ាងគំហុកនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តកើនឡើងក្នុងចំណោមពាណិជ្ជករបរទេសសម្រាប់បរិយាកាសវិនិយោគរបស់វៀតណាម។

នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ វិស័យផលិតកម្ម និងកែច្នៃទាក់ទាញទុនវិនិយោគបរទេសបានជិត១២ពាន់លានដុល្លារស្មើនឹង៥៦,៥% នៃទុនវិនិយោគបរទេសសរុបមានការកើនឡើង៣២%។ ដោយឡែក វិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ២ ដែលមានទុនជាង៥,១ពាន់លានដុល្លារ ដែលតំណាងឱ្យ២៤% នៃទុនវិនិយោគសរុប។ ហើយវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទទួលបានទុនវិយោគជាង១,២ពាន់លានដុល្លារ។

សិង្ហបុរីជាអ្នកវិនិយោគបរទេសនាំមុខគេក្នុងប្រទេសវៀតណាម នៅក្នុងរយៈពេល៦ខែ ឆ្នាំនេះ ជាមួយទុនវិនិយោគសរុបលើសពី៤,៦ពាន់លានដុល្លារ។ វិនិយោគិនកូរ៉េខាងត្បូង ឈរលំដាប់ទី២ ជាមួយទុនវិនិយោគប្រមាណ៣ពាន់លានដុល្លារ។ ចំណែកវិនិយោគិនចិន បានបោះទុនវិនិយោគប្រមាណ២,៥ពាន់លានដុល្លារ, ជប៉ុនប្រមាណ២,២ ពាន់លានដុល្លារ និងម៉ាឡេស៊ី១,៦ពាន់លានដុល្លារ។

ជាមួយគ្នានេះ អ្នកវិភាគជឿជាក់ថា ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗ នឹងធ្វើឲ្យវៀតណាម កាន់តែមានភាពទាក់ទាញក្នុងការស្រូបទាញការវិនិយោគ។ កត្តានេះគួបផ្សំនឹងផលិតកម្មឧស្សាហកម្មវៀតណាម មានកំណើន១០,៣% នៅឆមាសទី១ ឆ្នាំនេះ ធ្វើឱ្យស្ថាប័ន និងអ្នកជំនាញសេដ្ឋកិច្ចព្យាករថា ប្រទេសក្បែរខាងកម្ពុជា មួយនេះនឹងសម្រេចកំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៨% នៅឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារស្វីស UBS ថា ធនាគារកណ្តាលទូទាំងពិភពលោកចាប់ផ្ដើមកាត់បន្ថយការពឹងផ្អែកលើដុល្លារអាម៉េរិក

ធនាគារកណ្តាលជិត១ភាគ៣ជុំវិញពិភពលោកកំពុងចាប់ផ្តើមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ដោយងាកមកចាប់អារម្មណ៍កាន់តែខ្លាំងលើប្រាក់អឺ…

ហេតុអ្វីវៀតណាម ដែលជាអ្នកនាំចេញផ្លែទុរេនធំលំដាប់ទី២លើពិភពលោក នៅតែនាំចូលផ្លែទុរេន?

វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា ត្រូវបានគេដឹងថា ជាអ្នកផលិត និងនាំចេញទុរេនដ៏ធំនៅក្នុងតំបន់អាស៊ាន។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ