
ដោយសារតែអត្រាពន្ធគយនៅតែមានខ្ពស់ និងលក្ខខណ្ឌរសេមរសាមច្រើន នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជីញ បានជំរុញឲ្យមន្រ្តីបង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីសម្រួលដល់ការចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកបន្ថែមទៀតរហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀងថ្មីដែលមានលក្ខណៈអំណោយផលបំផុត។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express ។
នៅក្នុងសារាចរណែនាំដែលចេញនាពេលថ្មីៗនេះ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបន្តការចរចា ដើម្បីធានានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយ និងផ្ដល់នូវភាពអំណោយផលបំផុតសម្រាប់វៀតណាម បន្ថែមលើការអនុវត្តភ្លាមៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការប្តេជ្ញាចិត្តដែលមានស្រាប់ជាមួយសហរដ្ឋអាម៉េរិក។
មកដល់ពេលនេះ អត្រាពន្ធគយបដិការដែលសហរដ្ឋអាម៉េរិកកំណត់សម្រាប់វៀតណាម គឺធ្លាក់ចុះពី ៤៦% មកនៅត្រឹម ២០% ប៉ុន្តែសម្រាប់ទំនិញ ដែលជាទំនិញពីប្រទេសទី៣ ដែលដឹកឆ្លងកាត់វៀតណាម គឺមានអត្រាពន្ធគយ ៤០% ។
តាមអត្រាពន្ធគយបដិការ របស់សហរដ្ឋអាម៉េរិក ដែលបានចូលជាធរមានកាលពីថ្ងៃទី ៧ ខែសីហា កន្លងទៅ ប្រទេសវៀតណាម គឺមាន ២០% ពោលគឺខ្ពស់ជាង កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង ថៃ ដែលនៅក្នុងអត្រា ១៩ % រីឯសិង្ហបុរីត្រឹម ១០% ប៉ុណ្ណោះ។
កាលពីឆ្នាំ២០២៤ កន្លងទៅ នេះ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងសហរដ្ឋអាម៉េរិក គឺមានតម្លៃប្រមាណជាជិត ១៥០ពាន់លានដុល្លារ ដោយនៅក្នុងនោះ វៀតណាមនាំចេញទៅអាម៉េរិក មានតម្លៃជាង ១៣៦ពាន់លានដុល្លារ ។
តាមកំណត់ត្រានេះ អាម៉េរិកមានឱនភាពពាណិជ្ជកម្មជាមួយនឹងវៀតណាមដល់ទៅជាង ១២៣ពាន់លានដុល្លារ ហើយគេដឹងថា វៀតណាម គឺជាប្រទេសនាំចេញទៅកាន់សហរដ្ឋអាម៉េរិកច្រើនជាងគេលំដាប់លេខ៣ បន្ទាប់ពីចិន និង ម៉ិកស៊ិក ។
ដោយឡែកក្នុងរយៈពេលពេញមួយឆមាសដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មរវាង វៀតណាម និងសហរដ្ឋអាម៉េរិក មានតម្លៃសរុប ៧៧,៤ ពាន់លានដុល្លារ កើនឡើង៣៦,៥% ។ នៅក្នុងនោះ ការនាំចេញរបស់វៀតណាមមានតម្លៃ ៧១,៧ ពាន់លានដុល្លារ កើនឡើងជាង៣៧% ខណៈវៀតណាមនាំចូលត្រឹមតែ ៥,៧ពាន់លានដុល្លារ កើនឡើងជាង ៣០%៕
ដោយៈ សរ សុជាតិ