
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤។
បន្ថែមពីលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរនិងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»៕
