លោក ពូទីន ប្រកាសចេញច្បាប់អាជ្ញាសឹកនៅក្នុងដែនដីបញ្ចូលថ្មី!

បុរសខ្លាំងពូទីនប្រាប់ឲ្យកងទ័ពខំធ្វើសង្គ្រាមបន្ថែមទៀត ខណៈលោកប្រកាសចេញច្បាប់អាជ្ញាសឹកនៅក្នុងដែនដីបញ្ចូលថ្មី


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ទី១៩ តុលា ថា លោកកំពុងដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបួន ដែលខ្លួនបានវាយដណ្ដើមបានពីអ៊ុយក្រែន បន្ទាប់ពីបានបោះឆ្នោតប្រជាមតិកាត់ទឹកដីតំបន់នោះមកជារបស់រុស្ស៊ី។ ប៉ុន្តែឥលូវនេះ កងទ័ពរុស្ស៊ីកំពុងវាយទប់ទល់យ៉ាងសស្រាក់សស្រាំងពីសំណាក់ការវាយបកដោយកងកម្លាំងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
បុរសខ្លាំងពូទីនប្រាប់ឲ្យកងទ័ពខំធ្វើសង្គ្រាមបន្ថែមទៀត ខណៈលោកប្រកាសចេញច្បាប់អាជ្ញាសឹកនៅក្នុងដែនដីបញ្ចូលថ្មី

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍រុស្ស៊ីទៅកាន់សមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោកពូទីនបាននិយាយថា ខ្លួននឹងបង្កើនអំណាចសន្តិសុខដល់មន្ត្រីអភិបាលតំបន់ទាំងអស់របស់រុស្ស៊ី ហើយបានបញ្ជាឱ្យបង្កើតក្រុមប្រឹក្សាសម្របសម្រួលពិសេសមួយនៅក្រោមនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងសង្រ្គាមបន្ថែមទៀត។

មែនទែនទៅ ជំហានថ្មីរបស់លោក ពូទីន ដូចជាការដាក់ចេញច្បាប់អាជ្ញាសឹកដោយបង្កើនអំណាច និងការគាំទ្រយោធាក្នុងតំបន់ទាំងនោះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាការពង្រីកជម្លោះឲ្យកាន់តែខ្លាំងឡើងនៃសង្គ្រាម ដែលៀបចូលដល់ខែទីប្រាំបីទៅហើយនោះ គិតចាប់តាំងពីថ្ងៃទី ២៤ កុម្ភៈមក។

យ៉ាងណាមិញ ក្រសួងការបរទេសអាមេរិកបាននិយាយថា រុស្ស៊ីកំពុងងាកទៅរក «យុទ្ធសាស្ត្រអស់សង្ឃឹម» ខណៈដែលមន្ត្រីទីក្រុងកៀវបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះនឹងមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរអ្វីនោះឡើយ។

ប៉ុន្តែវានៅមិនច្បាស់ទេថា តើវិធានការថ្មីនេះអាចនឹងជំរុញឲ្យជំហរយោធារបស់រុស្ស៊ីដែលកំពុងចុះខ្សោយឲ្យត្រឡប់មកសភាពដើម ឬបង្កើនប្រសិទ្ធភាពក្នុងវាយលុកលើអ៊ុយក្រែនវិញនោះ ខណៈដែលមន្ត្រីដែលត្រូវបានលើកបណ្តុបដោយរុស្ស៊ីនៅក្នុងខេត្ត Kherson បានប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់មួយចំនួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការវាយសម្រុករបស់អ៊ុយក្រែនកំពុងឈានជិតមកដល់។

អ្នកជំនាញកិច្ចការសន្តិសុខជាតិរុស្ស៊ីលោក Mark Galeotti បានសរសេរនៅលើគណនីថ្វីតធើថា វិធានការនេះស្មើនឹង «ការប្រកាសចេញច្បាប់អាជ្ញាសឹកដែលមានលក្ខណៈខុសៗគ្នានៅទូទាំងប្រទេសរុស្ស៊ី» ដោយលោកបានបញ្ជាក់ថា វាមិនច្បាស់ទេថា តើមន្ត្រីក្នុងតំបន់ទាំងនោះនឹងប្រើប្រាស់អំណាចបន្ថែមនេះដូចទៅនឹងទីក្រុងម៉ូស្គូចង់បាន ឬក៏មិនអើពើ ឬក៏នឹងធ្វើការកេងប្រវ័ញ្ចលើធនធានរដ្ឋទៅវិញនោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីបានឲ្យដឹងថា អភិបាលតំបន់ស្តីទីដែលត្រូវបានបណ្តុបដោយរុស្ស៊ីនៅខេត្ត Kherson លោក Vladimir Saldo បានបញ្ជាក់ថា លោកនឹងប្រគល់អំណាចទៅឱ្យយោធា។ ប៉ុន្តែប្រធានតំបន់ជាច្រើនផ្សេងទៀត រួមទាំងអភិបាលក្រុងម៉ូស្គូ លោកស៊ើរហ្គី សុប៊ីនីន (Sergei Sobyanin) បាននិយាយថា ពួកគេមិនទាន់មានគម្រោងធ្វើការផ្លាស់ប្តូរភ្លាមៗនោះទេ។

ផ្ទុយទៅវិញ លោក Paul Stronski អ្នកស្រាវជ្រាវរុស្ស៊ីនៅអង្គការសន្តិភាពពិភពលោក(Carnegie Endowment) បាននិយាយថា លោកពូទីនកំពុងដាក់ការទទួលខុសត្រូវបន្ថែមទៀតលើប្រមុខក្នុងតំបន់ទាំងនោះ ដោយប្រៀបដូចឱ្យពួកគេត្រៀមចូលទៅខ្លួនក្នុងសមរភូមិសង្រ្គាមដោយផ្ទាល់អ៊ីចឹង ប៉ុន្តែគ្រាន់តែមិនចង់និយាយឲ្យកាន់តែច្បាស់ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការបរាជ័យនៃយោធាជាបន្តបន្ទាប់នៅលើសមរភូមិ និងស្ថានភាពវឹកដែលបង្កមកពីការចល័តទ័ពនាពេលថ្មីនេះ បានជំរុញឱ្យជនជាតិរុស្សីដែលមានប្រុសរាប់ពាន់នាក់បង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេស និងទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់ផ្ទៃក្នុងរដ្ឋាភិបាលរុស្សី ក៏ដូចជាមនុស្សស្និតមួយចំនួនរបស់លោកពូទីនជាដើម៕




អត្ថបទបន្ទាប់


រដ្ឋបាលលោកចូ បៃឌិន ផ្តល់មូលនិធិជិត ៣ពាន់លានដុល្លារ ជំរុញការផលិតអាគុយយានយន្ដអគ្គិសនីក្នុងស្រុក ដើម្បីឈប់ពឹងដង្ហើមពីចិន

ព័ត៌មាន
រដ្ឋបាល លោក ចូ បៃឌិន នឹងផ្តល់ថវិកាប្រមាណ ២ពាន់៨រយលានដុល្លារ ដើម្បីជំរុញការផលិតអាគុយសម្រាប់បំពាក់លើរថយន្តអគ្គិសនី និងការផលិតរ៉ែក្នុងស្រ…

សម្តេចសង្ឃ បួរ គ្រី ថ្លែងអំណរគុណអ្នកឧកញ៉ា សៀ ឫទ្ធី ដែលបរិច្ចាគថវិកា១០ម៉ឺនដុល្លារចូលរួមកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព័ត៌មាន
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជសារថ្លែងអំណរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ