
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានអះអាងថា ក្រោយមើលឃើញស្រូវស្រងែរបស់កសិករជួបបញ្ហាធ្លាក់ថ្លៃ និងខ្វះឈ្មួញប្រមូលទិញ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយប្រមូលទិញស្រូវពីកសិករនៅសហគមន៍កសិកម្មទំនើប ដើម្បីផលិតជាអង្ករដាក់លក់នៅលើទីផ្សារ។ ក្រៅពីផ្គត់ផ្ទង់ទីផ្សារក្នុងស្រុក នៅឆ្នាំ២០២៦ ខាងមុខក្រុមហ៊ុន វីរៈប៊ុនថាំ នឹងនាំចេញអង្កររំដួលទៅកាន់ទីផ្សារប្រទេសចិន ជាដំបូង ប្រមាណ២ម៉ឺនតោនស្រូវ ហើយនឹងចរចាជាមួយភាគីចិន ដើម្បីនាំចេញឱ្យបានច្រើនជាងនេះបន្ថែមទៀត។ ជាមួយគ្នានេះក្រុមហ៊ុន លោក ក៏កំពុងសម្លឹងមើលការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប អូស្រ្តាលី និងអាម៉េរិកផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តឱ្យកសិករផលិតស្រូវទាំងអស់ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នផល និងគុណភាពស្រូវ ក៏ដូចជាដើម្បីបញ្ចៀសបញ្ហាផ្សេងៗ។ គោលបំណងនៃការលក់អង្ករនៅទូទាំងប្រទេសរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ គឺដើម្បីជួយដល់កសិករដែលកំពុងជួបបញ្ហាស្រូវ និងចង់ឱ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ និងអាចបែងចែកកាន់តែច្បាស់ពីប្រភេទ និងរសជាតិរបស់អង្ករខ្មែរ។
បើតាមការអះអាងរបស់អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ក្រៅពីជួយប្រមូលទិញស្រូវប្រភេទសែនក្រអូប និងរំដួល ក្រុមហ៊ុន ក៏កំពុងគិតគូរជួយប្រមូលទិញស្រូវប្រភេទផ្សេងទៀត (អូអឹម) ពីកសិករផងដែរ ដើម្បីលក់លើទីផ្សារក្នុងស្រុក ដោយមិនផ្ដោតលើផលចំណេញ៕
អត្ថបទ៖ ជា ម៉ារ៉ា