តាមការអះអាងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនមេរបស់ VET Airways សេវាថ្មីនេះ ត្រូវបានរំពឹងថា នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ថ្មីសន្លាងមួយ បន្ថែមសម្រាប់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់កោះកាន់តែច្រើនឡើង ដោយសារតែវាផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលាធ្វើដំណើរ និងផ្តល់បទពិសោធថ្មីសម្រាប់ភ្ញៀវទេសចរ។
អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយ គឺ VET Airways ដែលនឹងចាប់ផ្តើមប្រតិបត្តិការជំហានដំបូងលើសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស តាមរយៈយន្តហោះបើកលើទឹកលក្ខណៈឯកជន ពីគោលដៅខេត្តកំពត ទៅកាន់តំបន់កោះនានា នៅកម្ពុជា។
អ្នកឧកញ៉ាបន្ថែមថា សេវាអាកាសចរណ៍ថ្មីនេះ មិនត្រឹមតែជួយបំពេញតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែវានឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា កាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកវត្តមានសេវាយន្តហោះបើកលើទឹកដំបូងគេនៅកម្ពុជានេះ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ ទន្ទឹមនេះ អ្នកជំនាញរូបនេះយល់ឃើញថា ការរក្សាសុវត្ថិភាពរបស់អ្នកធ្វើដំណើរជាកត្តាចម្បង ដែលត្រូវយកចិត្តទុកដាក់ ខណៈការផ្ដល់ជូននូវតម្លៃសេវាកម្មសមរម្យក៏ជាកត្តាសំខាន់ផងដែរ។
សូមជម្រាបថា គម្រោងប្រតិបត្តិការហោះហើរដំបូងរបស់ក្រុមហ៊ុន VET Airways នាពេលខាងមុខនេះ ក្រុមហ៊ុននឹងដាក់ដំណើរការយន្តហោះបើកលើទឹកចំនួន៤គ្រឿង ដែលមានសមត្ថភាព អាចផ្ទុកអ្នកដំណើរបានចន្លោះពី ៤ ទៅ ៩នាក់។ បន្ថែមលើប្រតិបត្តិការហោះហើរនៅក្នុងស្រុកនេះ ក្រុមហ៊ុននេះក៏គ្រោងពង្រីកប្រតិបត្តិការហោះហើរបន្ថែមទៅក្រៅប្រទេសនាពេលអនាគតផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ