សារព័ត៌មានក្នុងស្រុកវៀតណាម ផ្សាយថា នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានណែនាំថា «ឃុំសង្កាត់នីមួយៗ គួរតែមានតារាងបាល់ កីឡដ្ឋានសម្រាប់យុវជន ... ដើម្បីឲ្យពួកគេហាត់ប្រាណ ឬលេងបាល់ទាត់ បាល់ទះ ឲ្យបានទៀងទាត់»។
ការណែនាំរបស់នាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីក្រសួងស្ថាប័នជាច្រើន បានអំពាវនាវឲ្យបុគ្គលិករបស់ខ្លួន ព្រមទាំងសាធារណជន ឲ្យបង្កើនការហាត់ប្រាណ និងដើរឲ្យបានច្រើន។
ក្រសួងវប្បធម៌វៀតណាម បានស្នើឲ្យមន្ត្រីរាជការនៃក្រសួងរបស់ខ្លួនហាត់ប្រាណមួយថ្ងៃពីរដង ហើយថែមទាំងបានផ្សព្វផ្សាយវីដេអូបង្រៀនពីការហាត់ប្រាណ និងអនុញ្ញាតឲ្យមន្ត្រីជ្រើសរើសរបៀបហាត់ប្រាណដែលសមស្របនឹងខ្លួន សម្រាប់លំហាត់ប្រាណប្រចាំថ្ងៃ ទៀតផង។
ក្រសួងសុខាភិបាលវៀតណាម ក៏គ្រោងនឹងបើកយុទ្ធនាការសុខភាពមួយផងដែរ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនហាត់ប្រាណ ដើម្បីសុខភាពនិងទប់ស្កាត់ជំងឺផ្សេងៗ។
ពលរដ្ឋវៀតណាមទទួលទានបន្លែជាមធ្យម ២០០ក្រាម (២ខាំ) ក្នុងម្នាក់ ក្នុងមួយថ្ងៃ ដែលតិចជាងពាក់កណ្ដាលនៃបរិមាណបន្លែដែលអង្គការសុខភាពពិភពលោកណែនាំឲ្យមនុស្សទទួលទានដើម្បីសុខភាពល្អ។
ការសិក្សាស្រាវជ្រាវនាឆ្នាំ២០១៧ ដោយសាកលវិទ្យាល័យ Stanford បានបង្ហាញថា ពលរដ្ឋវៀតណាមមិនសូវដើរទេ ដោយគេរកឃើញថា ក្នុងមួយថ្ងៃ ពលរដ្ឋវៀតណាមដើរប្រហែល ៣ពាន់ ៦០០ជំហាន ខណៈដែលអង្គការសុខភាពពិភពលោក ណែនាំឲ្យដើរឲ្យបាន ១ម៉ឺនជំហានរាល់ថ្ងៃ៕