ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ មានអ្នកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ដែលរៀបចំដោយរាជ រដ្ឋាភិបាលអាណត្តិទី៧ ជិត៩ពាន់នាក់ ក្នុងនោះមាននារីជាង៣ពាន់នាក់។ យុវជន និងយុវនារីទាំងនេះបានចុះឈ្មោះរៀងលើជំនាញចំនួន៣៨ នៅក្នុងវិស័យសំខាន់ៗចំនួន១០ រួមមាន វិស័យសំណង់ អគ្គិសនីនិងថាមពល អេឡិកត្រូនិក កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារត្រជាក់និងកម្ដៅ ទេសចរណ៍ កសិកម្ម និងកសិឧស្សាហកម្ម។
មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា យុវជនហាក់មានការចាប់អារម្មណ៍ច្រើនលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលនេះ សបញ្ជាក់ឱ្យឃើញថា យុវជនបច្ចុប្បន្នមានការយល់ដឹងខ្ពស់ពីតម្រូវការផ្សារការងាររបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស។ អ្នកនាំពាក្យរូបនេះអះអាងថា ការរៀនជំនាញវិជ្ជាជីវៈនេះមិនមែនមានតែយុវជនមកពីគ្រួសារក្រីក្រ និងយុវជនមិនបានរៀងខ្ពស់ខ្ពង់ប៉ុណ្ណោះទេ សូម្បីតែសិស្សនិស្សិតដែលកំពុងរៀននៅតាមសាលា និងសាកលវិទ្យាល័យ ក៍បានមកចុះឈ្មោះរៀនផងដែរ។
សម្រាប់ឯកឧត្តម កត្តា អ៊ន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនរបស់រដ្ឋាភិបាល គឺមានគោលដៅច្បាស់លាស់ ពោលគឺរៀនឱ្យចេះ ចប់ និងមានការងារធ្វើ ខណៈរដ្ឋាភិបាលបានត្រៀមរួចរាល់តាំងពីសាលាបណ្តុះបណ្តាល គ្រូ អ្នកគ្រប់គ្រង មេរៀន បន្ទប់និងឧបករណ៍ពិសោធន៍។ ជាពិសេសរាជរដ្ឋាភិបាលបានចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ សម្រាប់ទទួលកម្មសិក្សាសិស្សចុះអនុវត្តផ្ទាល់នៅតាមក្រុមហ៊ុន និងសហគ្រាសទាំងនោះ ដែលនេះជា ឱកាសសម្រាប់ក្រុមហ៊ុនក្នុងការជ្រើសរើសសិស្សបុគ្គលិក កម្មករជំនាញសម្រាប់ធ្វើការក្នុងក្រុមហ៊ុន សហគ្រាសរបស់ខ្លួន។ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំពឹងថា ក្រោយបញ្ចប់ការសិក្សា យុវជននឹងមានឱកាសទទួលបានការងារ និងចំណូលសមរម្យសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ គឺផ្ដោតទៅលើយុវជនចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ហើយចំពោះកម្មករកម្មការិនី ក៏អាចទទួលផលពីការបណ្ដុះបណ្ដាលនេះដែរ។ សម្រាប់សម្តេចធិបតី ការបណ្តុះបណ្តាលនេះនឹងផ្តល់ភាពងាយស្រួលដល់កម្មករកម្មការិនី ដែលកំពុងបំពេញការងារតាមរោងចក្រ សហគ្រាសនានា អាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីទទួលបានការបណ្ដុះបណ្ដាលសំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនបន្ថែម ដើម្បីអាចឡើងតួនាទី និងប្រាក់ខែ ខណៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ ហើយសម្រាប់អ្នកចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានប័ណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលបន្ថែមផងដែរ។
សូមបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន១លាន៥សែននាក់ ដែលប្រើប្រាស់ថវិកាជាតិរាប់រយលានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។