កិច្ចប្រជុំពិភាក្សានេះរៀបចំដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព និងតួអង្គពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការចាប់ផ្តើមពិភាក្សាអំពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជានាពេលនេះ គឺជាការបោះជំហានថ្មីមួយ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាគិតគូរឡើងវិញពីក្របខ័ណ្ឌច្បាប់ពាណិជ្ជកម្មឱ្យក្លាយទៅជាក្រមពាណិជ្ជកម្មជាចំណែកមួយនៃប្រព័ន្ធច្បាប់ ដើម្បីបង្កើតបរិស្ថានរួមមួយជួយសម្រួល និងដោះស្រាយបញ្ហានៃការធ្វើពាណិជ្ជកម្ម ធុរកិច្ច និងទាក់ទាញវិនិយោគ ពិសេសការសម្រួលនីតិវិធី ការកាត់បន្ថយថ្លៃដើម ពេលវេលា និងការបង្កើតបរិយាកាសប្រកួតប្រជែងដោយស្មើភាព ការងារ ការបង្កើនប្រាក់ចំណូល និងតម្លៃបន្ថែម ព្រមទាំងការជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា កាលណានិយាយពីសេដ្ឋកិច្ច គឺត្រូវនិយាយពីវិធានច្បាប់ ព្រោះសេដ្ឋកិច្ចត្រូវពឹងផ្អែកច្រើនលើច្បាប់ ហើយច្បាប់ក៏មានទំនាក់ទំនងជាមួយគោលនយោបាយដែរ។ ដូចនេះ មិនអាចមានគោលនយោបាយផ្សេង ហើយច្បាប់ផ្សឹងនោះទេ ព្រោះវាអាចបង្កការលំបាកដល់ការរីកធំធាត់ និងបង្កើនបន្ទុកមិនចំាបាច់ដល់ធុរកិច្ច អាជីវកម្ម និងប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងដែរថា អភិក្រមនៃការរៀបចំក្រមពាណិជ្ជកម្មនេះ យើងត្រូវគិតគូរជាកញ្ចប់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម ការអភិវឌ្ឍ និងមនុស្ស ដោយរួមទាំងការសិក្សាលើទ្រឹស្តី ឧត្តមានុវត្តន៍ជាអន្តរជាតិ និងវាយតម្លៃលើការអនុវត្ត និងធាតុចូលពីអ្នកទទួលរងផលផ្ទាល់ ពិសេសការពិនិត្យ និងការធ្វើវិសោធនកម្មបទប្បញ្ញត្តិគតិយុត្តដែលហួសសម័យ មិនអាចអនុវត្តបាន មានភាពរប៉ាតរប៉ាយ ការបុកគ្នា បញ្ហាបកប្រែ និងភាពលើស ឬភាពខ្វះរបស់ច្បាប់ដែលមាននៅក្នុងប្រព័ន្ធច្បាប់របស់យើង ព្រមទាំងការរៀបចំបន្ថែមនូវិធានច្បាប់ដែលចាំបាច់មួយចំនួនផងដែរ។
អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសអំពីក្របខ័ណ្ឌគតិយុត្ត វិសាលភាព មាតិកា និងការតាក់តែង ព្រមទាំងការធ្វើ codification ក្រមពាណិជ្ជកម្ម។ អង្គប្រជុំក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ចំពោះមុខ ក្នុងការរៀបចំក្រមពាណិជ្ជកម្មកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា ការរៀបចំក្រមពាណិជ្ជកម្មនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម រក្សាបាននូវគុណតម្លៃកម្ពុជា ក្នុងសកលភាវូបនីយកម្ម ប្រកបដោយរចនាសម្ព័ន្ធជាក់លាក់ តាមតក្កវិទ្យាគតិយុត្តមួយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ផលប៉ះពាល់អវិជ្ជមានលើវិស័យពាណិជ្ជកម្ម ក៏ដូចជាធានានូវស្តង់ដារ ភាពទាន់ពេលវេលា គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីសំណាក់ពាណិជ្ជករ វិនិយោគិន និងធុរជន ជាពិសេសអ្នកទទួលផលចុងក្រោយ គឺប្រជាជនកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល។ ទន្ទឹមនេះ ការរៀបចំក្រមពាណិជ្ជកម្មនេះក៏នឹងផ្តល់គុណប្រយោជន៍មានជាអាទិ៍ដូចជា៖ (១).ធ្វើឱ្យមានឯកសណ្ឋានូបនីយកម្មនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងវិធានថ្មីៗតម្រូវបន្ថែមទៀត (២).ធ្វើឱ្យមានភាពច្បាស់លាស់ របៀបរៀបរយ សណ្តាប់ធ្នាប់ សន្តិសុខគតិយុត្ត លើការតាក់តែង ការប្រឹក្សា ការអនុម័ត ការអនុវត្ត ការបកស្រាយ និងការដោះស្រាយវិវាទ ក្នុងវិស័យពាណិជ្ជកម្ម (៣).ធ្វើឱ្យសាមញ្ញ ងាយស្វែងរក ងាយយល់ ងាយអនុវត្ត តែស្របតាមតក្កវិទ្យាគតិយុត្តជាស្តង់ដាអន្តរជាតិ (៤).ពង្រឹងនិងពង្រីកក្របខ័ណ្ឌគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម និងបង្កើតបាននូវបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ (៥). លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្មដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋ និង (៦).កសាងធនធានមនុស្សក្នុងវិស័យច្បាប់ ទាំងចៅក្រម មេធាវី អ្នកជំនាញច្បាប់ និស្សិតច្បាប់ ពាក់ព័ន្ធនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម។