បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កញ្ចប់មូលនិធិថ្មីនេះរួមមានទឹកប្រាក់ចំនួន ៦០លានដុល្លារអាមេរិក ដែលធនាគារពិភពលោកនឹងផ្តល់ជាឥណទានតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ និង ទឹកប្រាក់ចំនួនជាង ៩លានដុល្លារអាមេរិកទៀត ដែលជាជំនួយឥតសំណង ពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ។ ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ ដែលមានរយៈពេល ៥ឆ្នាំ ជាមួយគោលបំណងជួយកម្ពុជា ក្នុងការឈានទៅសម្រេចចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការអប់រំ ឆ្នាំ២០១៩-២០២៣។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កម្ពុជា ពិតជាបានសម្រេចសមិទ្ធផលធំៗ ច្រើននៅក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាននៅឡើយពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម មានដូចជា កុមាររស់នៅតាមតំបន់ដាច់ស្រយាល, កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និង កុមារមានពិការភាព។ ជាងនេះទៀត លទ្ធផលនៃការរៀនសូត្ររបស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំងនៅពេលដែលសាលារៀនត្រូវបានបិទទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ទោះយ៉ាងណា លោកស្រីសង្ឃឹមថា គម្រោងនេះនឹងរកដំណោះស្រាយដល់បញ្ហាប្រឈមទាំងនេះ និងស្តារការអប់រំនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងវិញថែមទៀត។
សូមបញ្ជាក់ថា តាមរយៈគម្រោងហិរញ្ញប្បទានប្រមាណ៧០លានដុល្លាររបស់ធនាគារពិភពលោកនេះ នឹងផ្ដោតសំខាន់លើគម្រោងធំៗ ចំនួន៣ ដូចជា ការអនុវត្តកម្មវិធីគ្រប់គ្រងនៅតាមសាលារៀន, ការផ្តល់ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និងបុគ្គលិកសិក្សា, និងការកែលម្អបរិយាកាសរៀនឱ្យប្រសើរឡើងថែមទៀត៕